ផ្ទះប្រជាពលរដ្ឋមួយខ្នង រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ
នាព្រលប់ថ្ងៃអង្គារ៍ ១កេីត ខែពិសាខ ឆ្នាំខល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦៖៣០នាទី មានករណីអគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិឫស្សីស្រស់ ក្រុម៣ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ កម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវ ហេីយធ្វើឲ្យខូចខាតឆេះផ្ទះ មួយខ្នង មានបន្ទប់ស្នាក់នៅចំនួន ៩បន្ទប់ អស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំណែកឯទីតាំងខាងលើ ជាប្រភេទសំណង់ ឈេីលេីក្រោមថ្ម ដែលមានទំហំ (១០ម៉ែត្រ x ២០ម៉ែត្រ)។
នៅវេលាម៉ោង ៧៖២៥នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ៥ឡាន ស្មើរនឹង ២០ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យជំនួយអន្តរាគមន៍មកពី រថយន្តរបស់ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹក ២ឡាន ស្មេីរនឹង ៨ម៉ែត្រគូប, រថយន្តសាលាខណ្ឌច្បារអំពៅ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ៦ម៉ែត្រគូប, រថយន្តបុរី ប៉េង ហួត បឹងស្នោ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ១០ម៉ែត្រគូប និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ពុំប្រើប្រាស់ទឹក៕