មុខសញ្ញាចាស់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងករណីជួញដូរសារធាតុញៀន រួមទាំងដកហូតវត្ថុតាងមួយចំនួន

ថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល រលាប្អៀរ បានល្បាតនៅចំណុច សួនច្បារ អាងទឹកទំនប់ឈ្វាំង ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រទះឃើញជនសង្ស័យ ឈ្មោះ កុយ ណាឫទ្ធិ បើករថយន្តទៅមក នៅទីនោះនិងជាមុខសញ្ញាចាស់ផង(ធ្លាប់ចាប់យកទៅមណ្ឌលអប់រំកែប្រែនៅខេត្តបាត់ដំបងពាក់ព័ន្ធករណីប្រើ ប្រាស់នូវសាធាតុញៀនខុសច្បាប់) ដោយមានការសង្ស័យ សមត្ថកិច្ចយើង បានធ្វើការសាកសួរ និងសុំ ត្រួតពិនិត្យ តែជនសង្ស័យ មិនសហការហើយព្យាយាមបើករថយន្តរត់គេចខ្លួន និងបុកប៉ារ៉ាស ដែលសមត្ថកិច្ចបានដាក់ ស្ទាក់ ជាច្រើនកន្លែង ដោយមានការសហការពី កំលាំង អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ទើបស្ទាក់ចាប់បានរថយន្ត នៅចំណុច ស្ពានច្រលងម៉ៅ ស្ថិតក្នុងភូមិលាច ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ក្នុងកិច្ចប្រតិបត្តិការនេះ វត្ថុតាងដកហូតមានរថយន្ត មួយគ្រឿង ថ្នាំញៀនចំនួន៣៧ កញ្ចប់(តូច+ធំ)ទម្ងន់៧១,៣៥ក្រាមទូរសព្ទដៃមួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើកម្លាំងជំនាញកសាងសំណុំរឿងប្រគល់ មកការិយាល័យ ជំនាញប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនិតិវិធី៕