រកឃើញអត្តសញ្ញាណកប៉ាល់ដឹកទំនិញមួយគ្រឿងដែលជាប់គឿង នៅឆ្នេរកោះតាងហើយ

សមត្ថកិច្ចនគរបាលព្រំដែនទឹក ឲ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា នាវា១គ្រឿង ឈ្មោះ សេង កង ដែលរសាត់មកបុកជាប់ថ្មឆ្នេរសមុទ្រខាងលិចកោះតាង ប៉ុន្មានថ្ងៃកន្លងមកនេះ បច្ចុប្បន្នកម្លាំងការពារកោះតាងលេខ៣ សហការជាមួយកម្លាំងនគរបាលព្រំដែនដែនទឹក និង កម្លាំងស្នាក់ការទីបញ្ជាការជួរមុខ អគ្គលេខាដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចេញប្រតិបត្តិការរុករកក្រុមនាវិក របស់នាវានេះ ដែលពួកគេបានលោតចុះទឹកហែលឡើងលើកោះកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្នុងនោះសមត្ថកិច្ចបានប្រទះឃើញមនុស្សចំនួន ០៤នាក់ នៅចំណុច N 10.19.021 E 103 08 316 ក្នុងនោះសមត្ថកិច្ចកម្ពុជា បានជួយសង្គ្រោះ និងនាំមកទីបញ្ជាការការពារ កោះតាងលេខ៣ ដើម្បីសួរព័ត៌មានបន្ថែម។

បើតាមសមត្ថកិច្ចបញ្ជាក់ថា នាវានេះឈ្មោះ សេង កង មានបណ្តោយប្រវែង ៥២ម៉ែត្រទទឹង ៨ម៉ែត្រ ជម្រៅទឹក ៤.៥ម៉ែត្រ នៅលើនាវានោះមានមនុស្សចំនួន ៤ នាក់ បម្រើការងារនៅលើនោះរួមមាន៖

ឈ្មោះ CHENG CHANGBAO អាយុ ៤៤ឆ្នាំ ភេទប្រុស ជាជនជាតិចិន ជាអ្នកគ្រប់គ្រង់ និងជាអ្នកបើកបរនាវា។

ឈ្មោះ WU KONGPING អាយុ ៣៦ ឆ្នាំ ភេទប្រុស ជនជាតិចិន ជានាវិក។

ឈ្មោះ WANG SHENG PING អាយុ ៣០ឆ្នាំ ជនជាតិចិន ជានាវិក។

ឈ្មោះ លីន ស៊ីម៉ី អាយុ ៤២ឆ្នាំ ជនជាតិចិន ជានាវិក។

នាវានេះ បានបើកបរមកពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីដឹកផ្លែឈើ ហើយជួបបញ្ហាពេលធ្វើដំណើរក្នុងសមុទ្រដែលមានព្យុះភ្លៀង។ ចំពោះមូលហេតុដែលនាវានានោះអណ្តែតចូលមកដល់ដែនសមុទ្រកម្ពុជា ក្រុមនាវិកប្រាប់សមត្ថកិច្ចថា ដោយសារបញ្ហាម៉ាស៊ីនខូច និងដាច់ខ្សែយុថ្កា ហើយក៏បានអណ្តែតចូលមកដល់ក្នុងដែនសមុទ្រកម្ពុជា។

សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា ក្រុមនាវិកជនជាតិចិនទាំង៤នាក់នេះ ក្រោយពីជំនាញ សាកសួរព័ត៌មានរួច បានបញ្ជូនឲ្យកម្លាំងប៉ូលីសព្រំដែនទឹក សម្រួលចាត់ចែងបន្តតាមនិតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online