Abe Shinzo លាលែងពីតំណែងព្រោះមិនចង់ឱ្យបញ្ហាសុខភាពផ្ទាល់ខ្លួនប៉ះពាល់កិច្ចការជាតិ

នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ថ្លែងសុន្ទរកថា កាលពីថ្ងៃទី១០ខែកុម្ភះឆ្នាំ២០១៩ នៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។ រូបពីCNN

នាយករដ្ឋមន្ត្រីជប៉ុនលោកAbe ប្រកាសលាលែងតំណែងនៅថ្ងៃនេះ ដោយបញ្ជាក់ហេតុផលថា មិនចង់ឱ្យបញ្ហាសុខភាពផ្ទាល់ខ្លួនលោកដែលកើតជំងឺរលាកពោះវៀន ប៉ះពាល់ដល់គោលនយោបាយដឹកនាំប្រទេសជាតិ។​

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះ ដែលមានបណ្តាញសារព័ត៌មានល្បីៗលើពិភពលោកមួយចំនួនផ្សាយផ្ទាល់នោះ លោក Abe Shinzo ថ្លែងថា ជំងឺរលាកពោះវៀនរបស់លោក រើឡើងវិញកាលពីពាក់កណ្តាលខែមុន។ លោកបញ្ជាក់ថា ការសម្រេចនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់គោលនយោបាយដឹកនាំប្រទេស។​

លោក Abe Shinzo«ខ្ញុំបានសម្រេចចិត្តលាលែងតំណែងជានាយករដ្ឋមន្ត្រី ដោយខ្ញុំយល់ថា មិនអាចបន្តតំណែងនេះទៀតបាន នៅពេលដែលខ្ញុំមិនមានទំនុកចិត្តថា អាចបំពេញការងារដែលប្រជាជនផ្តល់ឱ្យខ្ញុំបំពេញនេះបានល្អ»។​

លោកAbe Shinzo​ អាយុ៦៥ឆ្នាំ កាលពីឆ្នាំ២០០៧ បានដាក់ពាក្យលាលែងម្តងរួចមកហើយគឺដោយសារតែបញ្ហាជំងឺរលាកពោះវៀន ក្រោយពេលកាន់តំណែងបានមួយឆ្នាំ។​ បន្ទាប់មកលោកចូលរួមប្រជែងតំណែងនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១២ ទទួលការគាំទ្រច្រើនលើសលប់ពីពលរដ្ឋម្ចាស់ឆ្នោត៕​

By: Bonny From: VOD