ACU ប្រកាសប្រឡងជ្រើសរើសមន្ត្រីចំនួន ៧៥ កន្លែង
ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ ACU ប្រកាសជ្រើសរើសមន្ត្រីចំនួន ៧៥ កន្លែងបន្ថែមទៀត ដើម្បីឲ្យចូលបម្រើការងារក្នុងក្របខណ្ឌរបស់ស្ថាប័ននេះតាមរយៈការប្រឡងប្រជែងដែលការទទួលពាក្យមានរយៈពេល ១ ខែ គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៩ ខែកុម្ភៈខាងមុខ។
តាមសេចក្តីជូនដំណឹងរបស់ ACU ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ បានសរសេរថា ក្របខណ្ឌដែលត្រូវជ្រើសរើសទាំង ៧៥ កន្លែងនោះគឺមានថ្នាក់កណ្តាលចំនួន ៥១ កន្លែង និងថ្នាក់ខេត្តចំនួន ២៤ កន្លែងដោយបេក្ខជនត្រូវបង់ថ្លៃសំណុំឯកសារដាក់ពាក្យប្រឡងចំនួន ៥ ពាន់រៀលក្នុង ១ ច្បាប់ និងបង់ថ្លៃសម្រាប់សុំសិទ្ធិប្រឡងចំនួន ៣៥០០០ រៀលក្នុង ១ ច្បាប់។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ «បេក្ខជនត្រូវមកទទួលពាក្យ និងដាក់ពាក្យសុំសិទ្ធិប្រឡងនៅ អ.ប.ព រៀងរាល់ថ្ងៃពីថ្ងៃចន្ទដល់អាទិត្យ និងថ្ងៃបុណ្យ ព្រឹកចាប់ពីម៉ោង ៧ កន្លះដល់ម៉ោង ១១ កន្លះ និងរសៀលចាប់ពីម៉ោង ២ ដល់ម៉ោង ៥ ល្ងាចចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០»។
លោក ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយលើកឡើងក្នុងលិខិតថា បេក្ខជនដែលអាចដាក់ពាក្យប្រឡងបានត្រូវមានសញ្ជាតិខ្មែរ ហើយបើបេក្ខជនមានសញ្ញាបត្រថ្នាក់បណ្ឌិតមិនគិតពីអាយុនោះទេ តែបើបេក្ខជនមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានអាយុយ៉ាងច្រើន ៤០ ឆ្នាំ។
លោកបន្តថា ចំណែកបេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ គឺត្រូវមានអាយុយ៉ាងច្រើនបំផុត ៣៥ ឆ្នាំ និងថ្នាក់បរិញ្ញាបត្ររងត្រូវមានអាយុ ២៨ ឆ្នាំ ខណៈបេក្ខជនដែលបានបញ្ចប់ត្រឹមសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសមមូលត្រូវមានអាយុច្រើនបំផុត ២៥ ឆ្នាំ។
លោក ឱម យ៉ិនទៀង បន្ថែមថា៖ «រាល់លិខិតស្នាមពាក់ព័ន្ធត្រូវមានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ និងត្រូវយកមកជាមួយនូវច្បាប់ដើម ដើម្បីធ្វើការផ្ទៀងផ្ទាត់។ ក្រោយប្រឡងជាប់ជាមន្ត្រីរាជការ អ.ប.ព បេក្ខជនទាំងអស់ត្រូវគោរពអនុវត្តតាមបទប្បញ្ញត្តិផ្ទៃក្នុងរបស់ អ.ប.ព»។
កញ្ញា ទេព ច័ន្ទសុគន្ធា មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លិខិតនេះគ្រាន់តែជាការប្រកាសផ្សព្វផ្សាយជុំវិញការប្រកាសប្រឡងជ្រើសរើសមន្ត្រីថ្មីតែប៉ុណ្ណោះដែលសង្ឃឹមថានឹងមានយុវជនដែលមានបំណងចង់ក្លាយជាមន្ត្រីរាជការក្រោមក្របខ័ណ្ឌ អង្គភាពប្រឆាំងអំពើពុករលួយដាក់ពាក្យប្រឡងប្រជែងឲ្យបានគ្រប់ៗគ្នា។
កញ្ញាបន្តថា៖ «ចំពោះមុខវិជ្ជាប្រឡង កាលបរិច្ឆេទប្រឡង មណ្ឌលប្រឡង និងបញ្ជីរាយនាមរបស់បេក្ខជនគណៈកម្មការរៀបចំការប្រឡងនឹងជូនដំណឹងនៅពេលក្រោយ។ ខ្ញុំមិនអាចជម្រាបជូនលើសពីនេះបានទេ ព្រោះរង់ចាំទាល់តែការទទួលពាក្យបានបញ្ចប់»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងពីថ្ងៃទី ១៥ ខែមករាថា លោកចង់ឃើញស្ថាប័ននេះរៀបចំការប្រឡងប្រជែងឲ្យបានត្រឹមត្រូវចៀសវាងមានរឿងអាស្រូវដែលនាំឲ្យខូចមុខមាត់ស្ថាប័ននេះ។
លោកបានបញ្ជាក់ថា៖ «យើងចង់ឃើញហ្នឹងគឺអង្គភាពនេះគឺជាអង្គភាពប្រឆាំងអំពើពុករលួយ។ អ៊ីចឹងនីតិវិធីនៃដំណើរការប្រឡងហ្នឹងចាំបាច់ត្រូវធានាឲ្យមានតម្លាភាព និងឆ្លងកាត់នីតិវិធីប្រកួតប្រជែង ដើម្បីឲ្យមានស្មើភាព នៅក្នុងចំណោមបេក្ខជន»។
បើតាមសេចក្តីជូនដំណឹងរបស់ ACU បេក្ខជនដែលចង់ដាក់ពាក្យប្រឡងត្រូវត្រៀមឯកសារមួយចំនួនដូចជាពាក្យសុំចុះឈ្មោះប្រឡង ប្រវត្តិរូប សាលាកបត្រឯកត្តជន បង្កាន់ដៃទទួលពាក្យសុំសិទ្ធិប្រឡង សេចក្តីចម្លងសញ្ញាបត្រ លិខិតថ្កោលទោស និងលិខិតពិនិត្យសុខភាពដោយភ្ជាប់ជាមួយនូវរូបថតថ្មី ៤ គុណ ៦ មួយសន្លឹកផងដែរ៕
ប្រភព៖ https://www.postkhmer.com/