AFF U23៖ កម្ពុជាបង្ហាញបញ្ជីឈ្មោះកីឡាករ​ជាប់​តេស្ដ​ដំ​ណាក់​កាល​ទី១ និង​ត្រៀម​ធ្វើ​តេស្ដ​លើក​ទី២

ភ្នំពេញ-CAMSOC៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បាន​បង្ហាញ​បញ្ជី​រាយ​នាម​កី​ឡាករ​ចំនួន ៣៦នាក់ ដែល​ឆ្លង​ផុត​ការ​ធ្វើ​តេស្ដ​ដំ​ណាក់​កាលទី១ ហើយត្រូវបន្ដធ្វើតេស្ដដំណាក់កាលទី២ នៅ​រសៀល​ថ្ងៃសៅរ៍នេះ ដើម្បីជម្រុះយកកីឡាករ ២៨នាក់ចុងក្រោយ ត្រៀមការប្រកួតពានរង្វាន់បាល់ទាត់ ជើងឯកអាស៊ីអាគ្នេយ៍ អាយុក្រោម ១៣ឆ្នាំ (AFF U23 Championship 2022) នៅកម្ពុជា នាពេលឆាប់ៗខាងមុខ។

សម្រាប់ការធ្វើតេស្ដដំណាក់កាលទី១ គឺមានកីឡាករ ៧៤នាក់ មកពី ១៨សមាគម/ក្លិបចូលរួម ដែលធ្វើការប្រមូលផ្ដុំហ្វឹកហាត់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០២-០៤ ខែកុម្ភៈ មុនចម្រាញ់បានកីឡាករ ៣៦នាក់ ដែលត្រូវបន្ដធ្វើតេស្ដដំណាក់កាលទី២ រយៈពេល ៤ថ្ងៃទៀត ចាប់ពីថ្ងៃទី០៥-០៨ ខែកុម្ភៈនេះ ដើម្បីជម្រុះយកកីឡាករ ២៨នាក់ចុងក្រោយចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ ចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈខាងមុខ។

ចំពោះកីឡាករ ដែលមានឱកាសបន្ដធ្វើតេស្ដដំណាក់កាលទី២ ថ្ងៃនេះ នៅសល់បេក្ខភាពមកពី ៨សមាគម/ក្លិបប៉ុណ្ណោះ រួមមានកីឡាករក្លិបភ្នំពេញក្រោន ៦នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, វិសាខា ៦នាក់, បឹងកេត ៨នាក់, អង្គរថាយហ្គឺរម្នាក់, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ២នាក់, អគ្គិសនីកម្ពុជា ២នាក់, ខេត្តព្រៃវែង ៦នាក់, និងកីឡាករមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីម្នាក់។

សូមបញ្ជាក់ថា ពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះ នឹងត្រូវប្រកួតលើទីលានចំនួន២ រួមមាន វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខា។ បេសកកម្មនេះដែរ ក្នុងនាមម្ចាស់ផ្ទះ គឺកម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ខណៈពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ និងពូល C មានថៃ វៀតណាម និងសិង្ហបុរី៕

 

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online