AFF U23 Championship 2022 នឹង​ប្រ​កួត​នៅ​ពហុ​កី​ឡ​ដ្ឋាន​ជាតិ​មរ​តក​តេជោ និង​កី​ឡ​ដ្ឋាន​ព្រីនស៍

CAMSOC-ភ្នំពេញ៖ កម្ពុជាបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ​ការ​ប្រ​កួត​បាល់​ទាត់​ជើង​ឯក​យុវ​ជន​អាស៊ី​អាគ្នេយ៍​អាយុ​ក្រោម ២៣ឆ្នាំ (AFF U23 Championship 2022) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាង​មុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ របស់​ក្លឹប​បាល់​ទាត់ វិសាខា។ នេះ​បើ​យោង​តាម​ការ​ប្រ​កាស​ផ្លូវ​ការ​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ។

នេះគឺជាដំណឹងដ៏រំភើបរីករាយសម្រាប់បងប្អូនអ្នកគាំទ្រ​កម្ពុជា ដែល​ទន្ទឹង​​រង់ចាំ​មើល​ការ​ប្រ​កួត​អន្ដរជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែល​ជា​សំ​ណង់​​ប្រវត្តិសាស្ដ្រដ៏មហាសាល ទើបសាងសង់រួចរាល់កាលពីថ្មីៗ និង​ជា​កន្លែង​ត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្ទាប់​ពី​កម្ពុជា​បាន​ខក​ខាន​ក្នុង​ការ​ដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF Suzuki Cup 2020 កាល​ពី​ពេល​កន្លងទៅ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF U23 Championship 2022 ហើយឯកឧត្តមបានអរគុណ​សហព័ន្ធ​កី​ឡា​​បាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដែលជឿទុកចិត្តកម្ពុជា ដើម្បី​រៀបចំ​ព្រឹត្តិ​ការណ៍នេះ។ ក្នុងនាមម្ចាស់ផ្ទះ ឯកឧត្តម​បានប្ដេជ្ញា​នឹងប្រឹង​ប្រែងឱ្យ​អស់​ពីសមត្ថភាព ដើម្បីធានាថា ការប្រកួតប្រព្រឹត្តទៅដោយសុវត្ថិភាព ហើយ​​ក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់យុវជនល្អ​បំ​ផុត​នៅ​អាស៊ាន នាឆ្នាំក្រោយ។

សម្រាប់ព័ត៌មានលម្អិតអំពីក្រុមចូលរួម និងកាលវិភាគ​ប្រកួត សហព័ន្ធ​នឹងបញ្ជាក់នាពេលក្រោយ។ ប៉ុន្ដែ សមាជិករបស់ AFF ដែលមាន​សិទ្ធិចូល​​រួមការប្រកួតថ្នាក់តំបន់នាពេលកន្លងមក គឺមានចំនួន ១២​ប្រទេស រួម​មាន កម្ពុជា ថៃ វៀតណាម ឡាវ ព្រុយណេ ហ្វីលីពីន សិង្ហបុរី ម៉ាឡេ​ស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងអូស្ដ្រាលីផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online