CAMSOC បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ (Pfizer) ដល់មន្ដ្រីកីឡា និងកីឡាករ-កីឡាការិនីជម្រើសជាតិ
ភ្នំពេញ-CAMSOC៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបន្ដកិច្ចសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ ប្រភេទ Pfizer ដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាហើយ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ នៅមន្ទីរពេទ្យព្រះកេតុមាលា។
ដោយមានការយកចិត្តទុកដាក់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងការណែនាំរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC លោក ឈុំ វាសនា បានឲ្យដឹងថា យុទ្ធនាការចាក់ដូសជំរុញនេះ គឺដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ពិសេសក្នុងវិស័យកីឡា ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រមូលផ្ដុំហ្វឹកហាត់។
លោកបន្ដថា យុទ្ធនាការលើកនេះ មានទាំងការចាក់ដូសទី៤ផង និងការចាក់ដូសទី៣ផង ដោយសារមានកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលមួយចំនួន ទើបចាក់បានតែ ២ដូសប៉ុណ្ណោះ។ ចំពោះថ្នាក់ដឹកនាំ មន្ដ្រីកីឡាក គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលត្រូវចាក់ដូសទី៤ មានចំនួន ១,៦៤២នាក់ ហើយកីឡាករ-កីឡាការិនីថ្នាល ត្រូវចាក់ដូសទី៣ គឺមានចំនួន ៣៧៥នាក់ ដែលត្រូវចាក់នៅមន្ទីរពេទ្យព្រះកេតុមាលា នៅថ្ងៃទី០៤-០៥ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
គួរដឹងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ត្រូវបានចាត់ទុកជាក្រុមអាទិភាពមួយ ក្នុងការទទួលវ៉ាក់សាំង ចាប់ពីដូសទី១ រហូតដល់ដូសទី៤ ដើម្បីបង្កើនភាពស៊ាំ និងបង្ការការរីករាលដាលជំងឺកូវីដ-១៩ ក្នុងជុំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដែលកំពុងបិទខ្ទប់ហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទីតាំងមានសុវត្ថិភាពមួយចំនួន ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕