Facebook ចេញមុខសុំទោសភ្លាមៗ ក្រោយបកប្រែឈ្មោះប្រធានាធិបតីចិនទៅជាពាក្យអាក្រក់មួយ
ក្រុមហ៊ុន Facebook Inc បានចេញមុខសុំទោសជាសាធារណៈជុំវិញកំហុសបច្ចេកទេស ដែលបានកើតឡើងទៅលើការបកប្រែឈ្មោះប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅជា “Mr Shithole” ក្នុងការបង្ហោះមួយដែលបកប្រែស្វ័យប្រវត្តិពីភាសាភូមា មកភាសាអង់គ្លេស។ ក្នុងភាសាអង់គ្លេស Shithole សំដៅដល់ភាពដ៏គួរឲ្យខ្ពើមរអើម និងគគ្រិចខ្លាំងបំផុត។
កំហុសបច្ចេកទេសនេះបានកើតឡើងនៅរូបភាពបង្ហោះដោយទំព័រហ្វេសប៊ុកនៃការិយាល័យទីប្រឹក្សាប្រទេសមីយ៉ាន់ម៉ា សម្រាប់ថ្ងៃទី ២ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធីបតីចិនមកកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលលោក ស៊ី ជីនពីង និងទីប្រឹក្សារបស់លោកស្រី អ៊ុង សានស៊ូជី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។


វាកើតឡើងដោយសារតែឈ្មោះរបស់លោក ស៊ី ជីនពីង ពុំមានជាប់ក្នុងទិន្នន័យនៃភាសាភូមា ហើយប្រព័ន្ធស្វ័យប្រវត្តិរបស់ Facebook ធ្វើការទស្សន៍ទាយដោយភាពស្រពិចស្រពិលតែប៉ុណ្ណោះ។

នៅសេចក្តីថ្លែងការណ៍ Facebook បានឲ្យដឹងថា៖ “យើងបានជួសជុលកំហុសបច្ចេកទេសដែលធ្វើឲ្យមានការបកប្រែខុសពីភាសាភូមាមកអង់គ្លេសលើ Facebook ហើយ ដោយយើងនឹងធានាថាមិនឲ្យកើតឡើងម្តងទៀតឡើយ ហើយយើងពិតជាសុំអភ័យទោសចំពោះកំហុសដែលបានកើតឡើង”៕
ប្រភព៖ Reuters ប្រែសម្រួល៖ http://news.sabay.com.kh/