FFC ប្រកាសបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាលើកដំបូង ខណៈ CEO មានប្រវត្តិមិនធម្មតា
CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសអំពីការសម្រេចជាឯកច្ឆន្ទ ក្នុងការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាលើកដំបូង ដើម្បីជម្រុញបន្ថែមនូវវឌ្ឍនភាព និងភាពភាពរីកចម្រើន នៃលីគអាជីពកម្ពុជា ឈានទៅមុខមួយកំរិតទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ FFC បានធ្វើការតែងតាំងលោក សាតូស៊ី សៃតូ (Satoshi Saito) ជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាខាងលើ ដែលលោកគឺធ្លាប់មានប្រវត្តិជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លឹប FC Barcelona និងជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ទៀតផង។
តាមការបញ្ជាក់របស់ថ្នាក់ដឹកនាំ FFC បានឲ្យដឹងថា គំនិតផ្ដួចផ្ដើមដ៏សំខាន់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការធានានូវការអភិវឌ្ឍ និងភាពជោគជ័យសម្រាប់បាល់ទាត់កម្ពុជានៅថ្ងៃអនាគត រួមទាំងគោលដៅដែលបានកំណត់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធ បានមានប្រសាសន៍ថា «នេះគឺជាយុគសម័យថ្មីមួយនៃបាល់ទាត់កម្ពុជា។ បើយើងសម្លឹងមើលប្រទេសដែលមានបាល់ទាត់ឈានមុខ ជុំវិញពិភពលោក ការមានលីគអាជីពប្រកបដោយគុណភាពខ្ពស់ នឹងរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមជម្រើសជាតិ និងពង្រឹងប្រព័ន្ធអេកូបាល់ទាត់ (Football Ecosystem) បានកាន់តែប្រសើរទៀតផង»។
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដដែល បានបង្ហាញសុទិដ្ឋិនិយមថា «ខ្ញុំជឿជាក់ថា លោក សាតូស៊ី ដែលមានបទពិសោធន៍ច្រើនក្នុងការគ្រប់គ្រងកីឡាបាល់ទាត់ ជាបុគ្គលមួយរូបដែលស័ក្តិសមបំផុត ក្នុងការតម្រង់អនាគតរបស់ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ដែលទើបបង្កើតថ្មីនេះ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធរបស់យើង ដើម្បីភាពជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យបាល់ទាត់កម្ពុជា»។
ចំណែកលោក សាតូស៊ី CEO នៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា បានលើកឡើងថា «ខ្ញុំបានឃើញពីការផ្លាស់ប្ដូររបស់បាល់ទាត់កម្ពុជាក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ។ វាគឺជាកិត្តិយសដ៏ធំធេងរបស់ខ្ញុំ ដែលបានចូលរួមក្នុងដំណើរនេះ ដើម្បីនាំមកនូវភាពរុងរឿងដល់បាល់ទាត់កម្ពុជា។ ខ្ញុំសូមសម្ដែងនូវសេចក្ដីអរគុណយ៉ាងក្រៃលែង ចំពោះទំនុកចិត្ត និងភាពជឿជាក់ដ៏ធំធេងលើរូបខ្ញុំពីឯកឧត្តមប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោក សាតូស៊ី បន្ដថា «ដំណើរឆ្ពោះទៅមុខក្នុងស្ថានភាពជំងឺរាតត្បាតនេះ អាទិភាពរបស់ខ្ញុំ គឺការវាយតម្លៃឡើងវិញអំពីការរៀបចំលីគ ក្នុងនោះមានទាំងរចនាសម្ព័ន្ធ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រង និងកិច្ចសហការជាមួយក្លឹបជាសមាជិក ដើម្បីលើកកម្ពស់ និងពង្រឹងប្រតិបត្តិការទូទៅ និងបង្កើនចំណងមិត្តភាពរបស់យើង ក្នុងកិច្ចទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាផ្លាស់ប្ដូរ និងអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជារបស់យើង ប្រកបដោយចីរភាព និងនិរន្ដរភាព»។
សូមបញ្ជាក់ថា លោក សាតូស៊ី ធ្លាប់ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លឹបយក្សពិភពលោក FC Barcelona ហើយក៏ជាអនុប្រធានការិយាល័យបេសកកម្មពិសេស នៅសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) ក៏ដូចជានាយកទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងជាទីផ្សារប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ទៀតផង។ ថ្មីៗនេះ លោកក៏ទើបបានបង្កើតការិយាល័យតំណាងនៅប្រទេសជប៉ុន សម្រាប់ទីផ្សារ GMR ដែលជាទីភ្នាក់ងារកីឡា មានឯកទេសក្នុងសកម្មភាពឧបត្ថម្ភសម្រាប់កីឡាអូឡាំពិក នៅទីក្រុងតូក្យូផងដែរ៕
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា