Galaxy S20 Ultra កាមេរ៉ាមេ ១០៨MP បង្ហាញខ្លួនជាផ្លូវការហើយ!
មុននេះបន្តិច Samsung បានប្រកាសចេញស្មាតហ្វូនត្រកូល Galaxy S20 ជាផ្លូវការក្នុងកម្មវិធី Unpacked ដែលត្រកូល S ថ្មីមានការផ្លាស់ប្ដូរទ្រង់ទ្រាយធំលើផ្នែកកាមេរ៉ាខាងក្រោយ និងការឌីហ្សាញរូបរាងផងដែរ។
Galaxy S20 មានចែកចេញជាបីប្រភេទខុសគ្នាដូចដំណឹងលេចធ្លាយកន្លងមកដែរ ដែលក្នុងនោះមាន Galaxy S20, Galaxy S20+ និង Galaxy S20 Ultra ហើយវាមានទាំងប្រភេទ 4G និង 5G។
ទាក់ទាញជាងគេគឺ Galaxy S20 Ultra ដែលមានកាមេរ៉ាមេកម្រិតដល់ ១០៨MP មានបច្ចេកវិទ្យារក្សាលំនឹង OIS និង Aperture f.18។ កាមេរ៉ាប្រភេទ Telephoto ដែល Samsung ប្រើលើ S20 Ultra គឺជាប្រភេទឡេន Periscope ដែលមានទំហំ ៤៨MP អាចធ្វើការ Zoom បែប Hybrid បានដល់ ១០០ ដង ហើយវាក៏មាននូវ OIS ផងដែរ។

កាមេរ៉ា Ultra Wide គឺមានកម្រិត ១២MP និងមានអមដោយប្រព័ន្ធកាមេរ៉ាវាស់ជម្រៅផងដែរ។ ប្រព័ន្ធកាមេរ៉ានេះអាចថតវីដេអូបាន 8K ជាមួយមុខងារ Super Steady 2.0 អាចរក្សាលំនឹងបានល្អប្រសើរជាងមុខ។ វាក៏មានមុខងារ Single Take ដែលអាចថតរូបភាពចេញពីកាមេរ៉ាទាំងអស់ក្នុងពេលតែមួយ និងប្រើ AI ដើម្បីណែនាំរូបភាពដែលគួររក្សាទុកក្នុងចំណោមរូបដែលបានថត។
ថាមពលថ្មមានទំហំធំដល់ទៅ ៥០០០ mAh ធំជាង Galaxy S20 ពីរទៀត ហើយវាទ្រាំទ្រការសាកថ្មល្បឿនលឿន ៤៥វ៉ាត់ ប៉ុន្តែក្នុងប្រអប់មានត្រឹមឆ្នាំងសាក ២៥ វ៉ាត់ប៉ុណ្ណោះ។ ចំពោះការសាកថ្មឥតប្រើខ្សែគឺមានល្បឿន ១៥វ៉ាត់។

អេក្រង់មានទំហំ ៦,៩ អ៊ីញ ជាប្រភេទ Dynamic AMOLED ហើយទ្រាំទ្រនឹងការបង្ហាញបែប HDR10+ ជាមួយកម្រិតបង្ហាញរូបភាព ១៤៤០ ភីកសែល និងមាន Refresh Rate ល្បឿន ១២០ Hz។ នៅខាងក្រោយអេក្រង់គឺមានទ្រនាប់ស្កេនម្រាមដៃប្រភេទ Ultrasonic ផងដែរ។
វាដំណើរការដោយ Snapdragon 865 និងទីផ្សារមួយចំនួនប្រើឈីប Exynos ជំនាន់ចុងក្រោយ ជាមួយជម្រើស RAM ទំហំ ១២GB ឬ ១៦GB និងអង្គផ្ទុកចាប់ពី ១២៨GB ដល់ ៥១២GB។ វាក៏មានរន្ធសម្រាប់ដោតមេមូរីដើម្បីបង្កើនទំហំបានសរុបដល់ ១,៥TB ឯណោះ។
Galaxy S20 Ultra នឹងមានតម្លៃចាប់ពី ១ ៣៩៩ ដុល្លារសម្រាប់ប្រភេទ ១២៨GB ហើយនឹងចេញលក់នៅថ្ងៃទី ៦ ខែមីនា៕
ប្រភព៖ PhoneArena ប្រែសម្រួល៖ http://news.sabay.com.kh/