Google ប្រាប់បុគ្គលិកជាង ១០ម៉ឺននាក់ ឲ្យនៅផ្ទះរយៈពេល ១ខែ
Google បានប្រាប់ដល់បុគ្គលិកនៅទូទាំងទ្វីបអាមេរិកខាងជើងរបស់ខ្លួន ឲ្យស្ថិតនៅផ្ទះរៀងៗខ្លួន យ៉ាងហោចណាស់រហូតដល់ថ្ងៃទី ១០ ខែមេសា ខណៈពេលដែល COVID-19 កំពុងរាតត្បាត។
អ្នកនាំពាក្យរបស់ Google បាននិយាយក្នុងអ៊ីមែលផ្ញើទៅកាន់សារព័ត៌មាន CNBC ដូចនេះថា ៖ “ការិយាល័យទាំងអស់នៅអាមេរិកខាងជើង នាពេលនេះគឺមានការណែនាំឲ្យធ្វើការពីផ្ទះ ប្រសិនបើការងាររបស់ពួកគេអាចធ្វើពីផ្ទះបាន។ គោលបំណងរបស់ពួកយើងគឺកាត់បន្ថយចំនួនមនុស្សជុំគ្នានៅការិយាល័យ ដែលតាមការណែនាំរបស់អ្នកជំនាញធ្វើបែបនេះអាចកាត់បន្ថយការរាតត្បាត COVID-19 និងកាត់បន្ថយការដាក់បន្ទុកលើធនធានសហគមន៍និងធនធានក្នុងស្រុក។”
គួរដឹងថាមានបុគ្គលិក Google ជាង ១០ ម៉ឺននាក់ មានមូលដ្ឋាននៅអាមេរិកខាងជើង។
ការណែនាំចុងក្រោយបំផុតនេះ គឺស្របពេលដែលវីរុសកូរ៉ូណាបានសម្លាប់មនុស្សជាង ៤ ២០០ នាក់ និងចម្លងដល់មនុស្សយ៉ាងហោចណាស់ ១១៨ ០០០ នាក់ នៅជុំវិញពិភពលោក៕
ប្រភព៖ CNBC ប្រែសម្រួល៖ http://news.sabay.com.kh/