ICC Preah Vihear រៀបចំកិច្ចប្រជុំពេញអង្គរលើកទី៧ នៅក្នុងខេត្ដសៀមរាប 

អាជ្ញាធរជាតិព្រះវិហារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណ:កម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា (ICC-Preah Vihear) នៅខេត្តសៀមរាប នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដោយធ្វើការប្រជុំផ្ទាល់ និងប្រជុំតាមប្រព័ន្ធវីដេអូរួមគ្នា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោកជំទាវ Devyani Uttam Khobragade អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងជាសហប្រធានឥណ្ឌា និងលោកស្រី Guo Wei អនុប្រធានផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌ នៃគណ:កម្មការជាតិយូណេស្កូចិន និងជាសហប្រធាន នៃប្រទេសចិន រួមជាមួយតំណាងប្រទេសជាសមាជិកចំនួន ៤ទៀត រួមមាន ប៊ែលហ្សិក ជប៉ុន ថៃឡង់ដ៍ និងសហរដ្ឋអាមេរិក ព្រមទាំងការចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

សេចក្ដីប្រកាសព័ត៌មាន បានបង្ហាញថា ដើម្បីពិភាក្សាអំពីស្ថានភាព នៃការងារអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលបានអនុវត្តក្នុងរយ:ពេល ៦ខែកន្លងមក និងការស្វែងរកជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសតាមការចាំបាច់។ជាមួយគ្នានោះដែរ កិច្ចប្រជុំពេញអង្គលើកទី៧ នៃ ICC-Preah Vihear បានផ្តោតជាសំខាន់លើការងារមួយចំនួន រួមមាន ផែនការការងារអភិរក្សគោបុរ:ទី ៥ នៃប្រាសាទព្រះវិហារ ដោយអ្នកជំនាញការឥណ្ឌា ។ ការងារជួសជុលស្ពានហាលនៅចន្លោះគោបុរ:ទី៤ និងទី៥ នៃប្រាសាទព្រះវិហារ។ ការងារជួសជុលជណ្តើរបុរាណខាងជើងក្រោមជំនួយឧបត្ថម្ភហិរញ្ញវត្ថុពីមូលនិធិទូត សម្រាប់ការអភិរក្សវប្បធម៌របស់សហរដ្ឋអាមេរិក។ការងារអភិរក្សប្រាសាទដងទង់ ប្រាសាទតាមែន ប្រាសាទធំ ប្រាសាទចិន ប្រាសាទក្រចាប់ និងប្រាសាទអណ្ដូងគុក ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ។ ការងារកំណាយបុរាណ នៅប្រាសាទថ្មបាយក្រៀម ប្រាសាទក្រចាប់ និងប្រាសាទចិន ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ។ ការងារអភិវឌ្ឍធនធានទឹកនៅតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។ ផែនការគ្រប់គ្រងទេសចរណ៍ ក្នុងតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

សូមជម្រាបថា ចាប់តាំងពីការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ និងការបង្កើតគណ:កម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) នៅឆ្នាំ ២០១៤កន្លងមក អាជ្ញាធរជាតិព្រះវិហារបានរៀបចំកិច្ចប្រជុំ ICC-Preah Vihear ជាទៀងទាត់ ២ឆ្នាំម្តង ក៏ប៉ុន្ដែនៅឆ្នាំ២0២០ និងឆ្នាំ២០២១ បានរៀបចំតែ១ ដងក្នុងមួយឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។ នៅមុនកិច្ចប្រជុំពេញអង្គលើកទី ៧នេះ អ្នកជំនាញការអន្តរជាតិ ICC-Preah Vihear បានបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវនៅតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ចំនួនពីរថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដើម្បីតាមដាន និងវាយតម្លៃការងារអភិរក្ស ដែលអនុវត្តដោយអ្នកជំនាញការអាជ្ញាធរជាតិព្រះវិហារ។ អ្នកជំនាញការអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញការខ្មែរ ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ទោះស្ថិតក្នុងស្ថានការណ៍លំបាកដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ -១៩ក្តី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online