Messi បង្ហាញពីការមិនសប្បាយចិត្តជាមួយថ្នាក់ដឹកនាំក្លឹបជាចំហ នៅលើបណ្ដាញសង្គម
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានបង្ហោះ Story នៅលើបណ្ដាញសង្គម Instagram ដែលបង្ហាញពីភាពមិនសប្បាយចិត្តទាក់ទិននឹងការលើកឡើងរបស់លេខាធិការផ្នែកបច្ចេកទេសក្លឹប Barcelona លោក Eric Abidal។
លោក Abidal បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមកីឡាករ Barcelona ហាក់មិនសូវខំប្រឹងលេង នៅមុនពេលការចែកផ្លូវគ្នារវាងក្លឹប និងលោក Ernesto Valverde ដែលជាអតីតគ្រូបង្គោលរបស់ក្លឹប។
ទាក់ទិននឹងរឿងនេះ Messi ក៏សរសេរនៅលើ Story តបទៅវិញថា៖ កីឡាករជាអ្នកទទួលខុសត្រូវនៅលើទីលាន ហើយយើងក៏ទទួលស្គាល់ថាធ្វើអត់បានល្អដែរ។ ចំណែកឯ ថ្នាក់ដឹកនាំក៏ត្រូវតែមានទំនួលខុសត្រូវដែរ ចំពោះការសម្រេចចិត្តរបស់ខ្លួន ” ។
Messi បន្ថែមថា៖ ” មួយទៀតបើនិយាយរឿងក្រុមកីឡាករ បង្ហាញឈ្មោះឲ្យចំៗមក កុំឲ្យមានការផ្សាយព័ត៌មានមិនពិត “។
មានពាក្យចចាមអារ៉ាមជាយូរហើយថា ទំនាក់ទំនងរវាងក្រុមកីឡាករ Barcelona និងថ្នាក់ដឹកនាំក្លឹបមិនសូវល្អប៉ុន្មានទេ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រភព៖ Marca ប្រែសម្រួល៖ http://news.sabay.com.kh/