Pep ធ្វើបានល្អណាស់ស្ងាត់ៗបំបែកកំណត់ត្រាអស្ចារ្យរបស់ Mourinho
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា រហូតមកដល់ពេលនេះវាមិនមែនជារដូវកាលល្អបំផុតសម្រាប់ក្រុម Manchester City ទេ ប៉ុន្តែលោក Pep Guardiola ពិតជាបានបំបែកឯតទគ្គកម្មដ៏យូរអង្វែងមួយដែលត្រូវបានកាន់កាប់ដោយលោក Jose Mourinho កាលពីចុងសប្តាហ៍នេះ ។
បន្ទាប់ពីរងនូវការចាញ់យ៉ាងអាម៉ាស់ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតជាមួយនឹងក្លិប Wolverhampton Wanderers កាលពីល្ងាចថ្ងៃសុក្រ ក្រុមនេះបានធ្វើការវាយបកវិញជាមួយនឹងជ័យជម្នះលើក្រុម Sheffield United នៅឯកីឡដ្ឋាន Etihad កាលពីថ្ងៃអាទិត្យ។
ជាលទ្ធផលលោក Guardiola បានទទួលជ័យជម្នះក្នុងក្របខ័ណ្ឌ Premier League លើកទី១០០ ក្នុងការប្រកួតលើកទី១៣៤ របស់លោកដែលប្រើរយៈពេលខ្លីបំផុតដោយបានលើសលោក Mourinho ៨ ប្រកួតដែលប្រើពេល១៤២ប្រកួត ។
លោក Guardiola បាននិយាយថា៖«វាជាការកោតសរសើរដ៏ធំមួយសម្រាប់ក្លិប កីឡាករ និងបុគ្គលិកដែលទទួលបានជ័យជម្នះ១០០ ។ វាជាសមិទ្ធិផលដែលមិនគួរឱ្យជឿសម្រាប់ការរៀបចំ និង កោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករនិងបុគ្គលិកទាំងអស់ដែលយើងមានក្នុងអំឡុងពេលនេះ» ៕
កែសម្រួលដោយ ៖ https://kohsantepheapdaily.com.kh/