Repost÷ ប្រវត្តិពិធីបុណ្យចូលឆ្នាំខ្មែរ

មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាម ជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក ។ យើងបានប្រទះ ឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំនិងឧស្សាហ៍ បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជាច្រើន។

ប្រវត្តិ

មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់ មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស បានរៀនចេះចប់គម្ពីរត្រីវេទតាំងពីអាយុបាន ៧ ឆ្នាំ ។ សេដ្ឋីបិតាបានសាងប្រាសាទឲ្យ ធម្មបាលកុមារ នៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីស្នាក់អាស្រ័យ នៃបក្សីទាំងឡាយ ។ ធម្មបាលកុមារ ចេះទាំងភាសាបក្សី ទាំងពួងផង ព្រមទាំងអាចធ្វើជាអាចារ្យសម្ដែងមង្គលផេ្សងៗ ដល់មនុស្សទាំងពួងផង។ គ្រានោះ មនុស្សលោករមែងរាប់អានមហាព្រហ្ម និង កបិលមហាព្រហ្ម ១ អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង ។ ពេលនោះ កបិលមហាព្រហ្ម បានជ្រាបព័ត៌‌មានក៏ចុះមកសួរបញ្ហា នឹងធម្មបាលកុមារ ចំនួន ៣ ប្រស្នា ដោយសន្យាថា ប្រសិនបើ ធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់ព្រះសិរសាទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែប្រសិនបើ ធម្មបាលកុមារមិនអាចដោះស្រាយប្រស្នានោះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលធម្មបាលកុមារវិញ ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ ថ្ងៃហើយក៏ធម្មបាលកុមារនៅតែគិតមិនឃើញ និងដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដ ។ ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ។ ទើបធម្មបាលកុមារចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ ។ នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យនៅ ។ វេលាយប់ សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវនឹងកបិលមហាព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះប្រស្នាមិនរួច ។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? ឥន្ទ្រីឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ ។ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ។ ប្រស្នាទី ២ ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើទ្រូង ។ ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ។ ប្រស្នាទី ៣ ចោទថា វេលាល្ងាចសិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅនឹងជើង ។ ហេតុនោះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង ។ ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ ។ លុះព្រឹកឡើង កបិលមហាព្រហ្ម ក៏មកសួរប្រស្នា ធម្មបាលកុមារ ។ ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានឮមក ។ កបិលមហាព្រហ្ម ក៏ទទួលថាពិតជាត្រឹមត្រូវ, ព្រមចុះចាញ់ និង សុខចិត្តធ្វើតាមពាក្យសន្យារបស់ខ្លួន ។ កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧ អង្គ ដែលជា បាទបរិចាវិកា ព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ព្រះសិរសាដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់ ។ ដូច្នេះសូមឲ្យកូនទាំង ៧ អង្គ យកពានមកទទួលព្រះសិរសាបិតា ។ ពោលរួច ព្រះអង្គក៏កាត់ព្រះសិរសាហុចទៅឲ្យព្រះនាង ទុង្ស ជាកូនច្បង ។ ព្រះនាង ទុង្ស ក៏បានយកពានមកទទួលព្រះសិរសាបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ ៦០ នាទីទើបយាងទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី នាភ្នំកៃលាស និងបូជាគ្រឿងទិព្វផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ ប្រការ ឈ្មោះថា “ភគវតីសភាសាលា” ឲ្យជាទីប្រជុំនៃទេវតា ។ លុះដល់គម្រប់ ១ឆ្នាំជា សង្ក្រាន្តត នាងទេពធីតាទាំង ៧ អង្គ ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំ រួចហើយយាងត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ។

ឈ្មោះទេពធីតាមហាសសង្ក្រាន្តត និងគ្រឿងអាភរណៈ

ថ្ងៃ ទេពធីតាមហាសសង្ក្រាន្ត! គ្រឿងអាភរណៈ

ថ្ងៃអាទិត្យ ទុង្សទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ, ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា), អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ, ពាហនៈគ្រុឌ

ថ្ងៃច័ន្ទ គោរាគទេវី សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា

ថ្ងៃអង្គារ គោរាក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ

ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា

ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី

ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កា ចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី

ថ្ងៃសៅរ៏ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក

ទំនៀមចូលឆ្នាំ

ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្តត ។

តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីសម័យក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន ចន្ទគតិ (lunar calendar) (វិធីដើរនៃព្រះចន្ទ) ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី ១ ខែកក្តិក ជាខែទី ១២ ។ សម័យក្រោយមក ប្រទេសខ្មែរប្តូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន សុរិយគតិ (solar calendar) (វិធីដើរនៃព្រះអាទិត្យ) ។ ពេលនោះហើយដែលខ្មែរកំណត់ចូលឆ្នាំក្នុងខែ ចេត្រ (ខែទី ៥) ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលកាន់ មេសរាសី ។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣ នៃខែ មេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី ១៤ ក៏មានខ្លះដែរ ។ មហាសសង្ក្រាន្តត ដែលប្រើរបៀបគន់គូរតាម សុរិយគតិ មានឈ្មោះថា «សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជា សង្ក្រាន្តត) ។ មហាសង្ក្រាន្តត ដែលប្រើរបៀបគន់គូរតាម ចន្ទគតិ ហៅថា «អាយន្តសង្ក្រាន្តត» (ពេលដែល ព្រះអាទិត្យ ដើរបញ្ឈៀង មិនត្រង់ពីលើ) ។ គេនៅប្រើ ចន្ទគតិ ដោយយោងទៅ សុរិយគតិ ព្រោះ ចន្ទគតិ មានទំនាក់ទំនងនឹង ពុទ្ធប្បញ្ញត្តិ ច្រើន ។ ចំណែកឯ ថ្ងៃចូលឆ្នាំតាម ចន្ទគតិ មិនទៀងទាត់ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលក្នុងវេលារនោច ។ ប៉ុន្តែ នៅក្នុងរវាង ១ ខែ គឺមិនមុនថ្ងៃ ៤កើត ខែ ចេត្រ និង មិនហួសថ្ងៃ ៤ កើត ខែ ពិសាខ ទេ ។ ដូចនេះ សង្ក្រាន្តត ខ្លះធ្លាក់ទៅក្នុងខែ ពិសាខ

ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ ៖

ពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ, សំអាតផ្ទះសម្បែង, រែកទឹកដាក់ពាង, រកអុសទុក, និង កាត់សំលៀកបំពាក់ថ្មីៗ ជាដើម ។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មីមាន ៖ បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។ ចំណែកផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនីខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌ សំរាប់ទទួលទេព្តាថ្មី ។ លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់ សុំសេចក្តីសុខចម្រើន គ្រប់ប្រការ ពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និង ក្រយាស្ងើយ ដាក់ថ្វាយទេព្តោនាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ ។ ឧទាហរណ៍ ៖ បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ ថ្វាយ ។ រីឯពិធី ៣ ថ្ងៃ នៃថ្ងៃចូលឆ្នាំនោះគឺ ៖

• ថ្ងៃទី ១ ៖ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនា ។

• ថ្ងៃទី ២ ៖ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។

• ថ្ងៃទី ៣ ៖ ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាច និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ ។ អ្នកខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម ។

វាលុកចេតិយ

ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកន្ដាលទីធ្លាដែលគេបានកំនត់ រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំនាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ រឺក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំនត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកន្ដាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។ នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័ គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកន្ដាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្នុការរានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ។

រួមអានិសង្ស

ព្រះបរមសាស្តាទ្រង់បានសំដែងអំពី អានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារ អ្នកដែលបាន ផ្ងូតទឹកឲ្យមាតា បិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬព្រះសង្ឃក្នុងឱកាសសង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដី មានឫទ្ធិដ៏មហិមា សំបូរដោយរតនៈ ៧ ប្រការ ដេរដាសដោយពពួកនាងនារីដែលមានរូបឆោមល្អ និង សំបូរដោយចតុរង្គសេនា ជាអ្នកបានសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចជា មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំណាចដែលបានលេងសត្វអំបាលនោះ អ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើន ឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះទោះទៅកើតក្នុងភពណាៗរមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានសំបុរកាយផូរផង់ ជាទីគាប់ចិត្តជាទីគួរឲ្យមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់ និង ចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺនយូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណញាតិ សុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ ។ ដោយប្រការដូច្នេះហើយ បានជានៅឱកាសចូលឆ្នាំមនុស្សទាំងឡាយតែងនាំគ្នាដោះលែង សត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យផ្សេងៗ ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។

អានិសង្សវាលុកចេតិយ

ក្រៅពី មហាសំការសូត្រ នៅមាននិទានមួយទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេតាក់តែងជាភាសាខ្មែរយូរលង់ណាស់មកហើយ មានចំនួន ១ ខ្សែ សំដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការ វេលាឆ្លង វាលុកចេតិយ គេច្រើនយករឿងនេះទេសន៍ ។ ក្នុងរឿងអានិសង្សវាលុកចេតិយនោះ និទានមួយក្នុងចំណោមនិទានទាំង ៣ នោះត្រូវបានលើកយកមកធ្វើជាឧទាហរណ៍ គឺ ៖

• និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកៈ ជាអ្នកឈ្មួញសំពៅ ។ នាសម័យមួយ បារិកៈ បើកសំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួក ពាណិជ ដែលទៅជួញជាមួយគ្នា បើកសំពៅឆៀងចូលចតនៅទៀបផ្នូកខ្សាច់នោះ ហើយនាំគ្នាកជាវាលុកចេតិយ ឧទ្ទិសជាតំណាង ចូលាមុណីចេតិយ ដែលបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ នៅឋានត្រៃត្រឹង្ស ។ ស្រេចហើយពួកពាណិជទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ ៣ ជុំ ហើយនាំគ្នាចុះសំពៅបើកចេញទៅជួញបន្តទៀត ។ បារិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយបានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌ បានកើតក្នុងមនុស្សលោកបានជាស្តេចឯករាជ្យជាច្រើនជាតិ និង ត្រារាប់ពុំបានឡើយ ។ ក្នុងទីបំផុត បារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយអំណាចផល្លានិសង្ស ដែលបានសាង វាលុកចេតិយ ។

• វិភាគ និងកំណត់សម្គាល់៖

បើអ្នកអានវិភាគបន្តិចលើសាច់រឿងនិទាននេះ គេអាចរកឃើញថា វាប្រហែលជារឿងនិទានដែលប្រឌិតឡើងដោយពួកអ្នកកាន់លទ្ធិព្រាហ្មណ៍ ឬពួកអ្នកកាន់ពុទ្ធសាសនានិកាយមហាយាន ដែលប្រជាជននៅប្រទេសឥណ្ឌា, ណេប៉ាល់, ទីបេ, ភូតាន (Bhutan), ចិន, ម៉ុងហ្គោល, ទូវ៉ា (Tuva), កាល់មីគា (Kalmykia), ជប៉ុន, កូរ៉េ, តៃវ៉ាន់, វៀតណាម ។ល។ គោរពរាប់ទុកថាជាពុទ្ធសាសនារបស់ខ្លួន ។ ពុទ្ធសាសនានិកាយមហាយានមានទស្សនវិជ្ជានិងកិច្ចបូជាស្រដៀងគ្នានឹងលទ្ធិព្រាហ្មណ៍ ដោយលាយចម្រុះជាមួយនឹងកិច្ចខាងសាសនារបស់ជនជាតិដើមរបស់អ្នកស្រុកនៃប្រទេសទាំងនោះផង ។ ក្នុងពុទ្ធសាសនានិកាយមហាយាន គេសង្កេតឃើញមានភាពខុសគ្នាច្រើនទាំងខាងទ្រឹស្តី និង ការអនុវត្ត ពីប្រទេសមួយទៅប្រទេសមួយ ដែលមានវប្បធម៌ និង សាសនាដើមរបស់មនុស្សម្ចាស់ស្រុកផ្សេងៗគ្នា ។ ដូច្នេះហើយទើបគេឃើញមានការបែកខ្ញែកជាច្រើននិកាយបន្តទៅទៀតនៅក្នុងពុទ្ធសាសនាមហាយាន សូម្បីនៅទីបេក៏មាននិកាយធំៗចំនួន ៤ និងនិកាយតូចៗច្រើនទៀត ។ ពួកគេឲ្យតម្លៃខ្លាំងទៅលើពោធិសត្វច្រើនរាប់មិនអស់ ដែលទុកដូចជាកប៉ាល់ (យានធំ) កំពុងរង់ចាំជួយស្រោចស្រង់ចម្លងមនុស្សយកទៅដាក់នៅស្ថាន សុខាវតី (Sukhavati or Pure Land) ដែលគេជឿថាជាស្ថានស្ថិតនៅចម្ងាយមួយលានគីឡូម៉ែត្រភាគខាងលិចផែនដី ដែលនៅទីនោះមានព្រះពុទ្ធមួយអង្គព្រះនាម អមីតាភៈ (Buddha Amitabha)។ ពួកគេបង្រៀនថា ព្រះពុទ្ធ អមិតាភៈ បានសន្សំកុសលរាប់ម៉ឺនជាតិទើបបានត្រាស់ជាព្រះពុទ្ធដែលកំពុងគង់មានជីវិតនៅឯស្ថាន សុខាវតី ។ ពួកអ្នកកាន់ពុទ្ធសាសនានិកាយមហាយានជឿថា បើមនុស្សណាម្នាក់បានសូត្រឈ្មោះព្រះពុទ្ធ អមិតាភៈ ឲ្យបានដប់ដងមុនពេលស្លាប់ ពេលនោះគេនឹងបានទៅកើតនៅស្ថាន សុខាវតី ។ អ្នកបួសនៅក្នុងពុទ្ធសាសនានិកាយមហាយាន ជាពិសេសនៅទីបេ ត្រូវស្បថ (ទាំងអស់មានចំនួន ៤៨) ថាបើខ្លួនបានក្លាយជាព្រះពោធិសត្វពេលណា គេមិនត្រូវចូលទៅស្ថាន សុខាវតីចោលមនុស្សលោកទេ ពោលគឺនៅរង់ចាំចម្លងមនុស្សលោកឲ្យអស់ពីផែនដីទៅដាក់ទីនោះសិន ទើបខ្លួនអាចចូលទៅតាមក្រោយ ។ ក្នុងរាល់អំពើ និង ការបង្រៀនទាំងអស់ ពួកគេសង្កត់ធ្ងន់ទៅលើពាក្យ ករុណា (compassion) ពោលគឺការផ្សាយមេត្តាចំពោះគ្រប់សត្វទាំងអស់ ជាពិសេសមនុស្ស ។ សង្ឃក្នុងនិកាយនេះមិនឆាន់សាច់សត្វទេ ព្រោះពួកលោកយល់ថាវាគឺជាទង្វើដែលលើកទឹកចិត្តដល់ការសម្លាប់សត្វមានជីវិតបន្តទៀត ។ ហេតុអ្វីបានជាយើងត្រូវសិក្សាឲ្យដឹងខ្លះៗនូវទ្រឹស្តី, ជំនឿ និង កិច្ចនានានៃពុទ្ធសាសនាមហាយាន ? យើងត្រូវតែសិក្សាឲ្យយល់ខ្លះ ព្រោះខ្មែរក៏ធ្លាប់កាន់ពុទ្ធសាសនានិកាយមហាយានដែរ ហេតុនេះហើយទើបយើងឃើញមាននិទានឬជាតកច្រើនរាប់សឹងមិនអស់ដែលពោលសរសើរពីអានិសង្សអស្ចារ្យនៃទាននេះឬទាននោះ សូម្បីតែវត្ថុទានតែបន្តិចក៏អាចបានទៅកើតនៅស្ថានសួគ៌ រស់នៅក្នុងវិមានស្កឹមស្កៃ បើកើតនៅលើផែនដីក៏បានជាមនុស្សមានអំណាចផុតគេប្រកបដោយអ្នកបម្រើ ឬប្រពន្ធរាប់មិនអស់ ។ ការបង្រៀនបែបនោះគឺឲ្យតម្លៃតែទៅលើការឲ្យវត្ថុទាន និងមិនឲ្យតម្លៃទៅលើការសិក្សា និងប្រតិបត្តិតាមធម៌ពិតរបស់ព្រះពុទ្ធទេ ។ វាជាការបង្រៀនដែលនាំឲ្យមនុស្សច្រើននាក់យល់ច្រឡំថាជាពាក្យរបស់ព្រះពុទ្ធ ។

• និទានទី ២ ដំណាលពីនាយនេសាទម្នាក់ (មិនប្រាកដឈ្មោះ)។ នាយនេសាទនោះធ្វើតែបាប សំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យម្តងសោះ ។ នាថ្ងៃមួយ មានភិក្ខុសង្ឃ ១រូប នឹកអាណិតនាយនេសាទខ្លាំងណាស់ ក៏គិតរកឧបាយឲ្យគាត់បានសាងបុណ្យកុសលខ្លះ ។ លុះគិតរួចហើយ ភិក្ខុអង្គនោះក៏គ្រងចីវរកាន់យកនូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ។ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និង ពុនបាយ ១កញ្ចប់ចេញទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង ។ ដំបូងនាយនេសាទប្រកែកដាច់ថា មិនព្រមប្រគេន តែភិក្ខុនោះចេះតែទទូចសុំ ។ អត់មិនបានក៏រំលែកបាយ ១ ពំនូតប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅត្រូវពួកយមបាល ឬ យមភូបាលយកខ្លួនទៅសួរយកចម្លើយ អំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះទេ ? នាយនេសាទតបថា ៖ មិនបានធ្វើបុណ្យទេ ធ្វើតែបាបតាំងពីតូចមក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅភ្លើងនរក តែមិនឆេះ ត្រលប់ជាខ្ទាតចេញមកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ។ ទទួលនាយនេសាទក្រលេកទៅឃើញអណ្តាតភ្លើងមានពណ៌ដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួនបានធ្វើ ទើបឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូបដែរ ។ ពួកយមបាលប្រាប់ថា បើដូច្នេះអ្នកឯងត្រូវទៅកើតឯឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី ៨ យើងនឹងយកខ្លួនមកទទួលទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះវិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតនៅឋានសួគ៌ ឈ្មោះថា អន្នំលោកង្សិន៍ទេវបុត្រ មានទំហំ ១២ យោជន៍បរិបូណ៌ទៅដោយសម្បត្តិ និង ស្រីទេពកញ្ញាបំរើត្រៀបត្រា មាននាងសុវណ្ណឱរ៉ៃ ជាទេពី ។ អន្នំលោកង្សិន៍ទេវបុត្រសោយសម្បត្តិបាន ៦ ថ្ងៃ នឹកឃើញដល់ពាក្យរបស់យមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ពេក ហើយចូលទៅដេកទួញយំ នាងសុវណ្ណឱរ៉ៃ ឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិន៍ទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងពីដើមរហូតដល់ចប់ ។ នាងសុវណ្ណឱរ៉ៃលួងលោមថា បើដូច្នោះសូមព្រះអង្គកុំជាទុក្ខទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាបអម្បាលម៉ានក្តី បើចង់ឲ្យរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លង ហើយនិងងរួចអំពីកម្មពៀរនោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។ អន្នំលោកង្សិន៍ទេវបុត្របានឮដូច្នោះក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយ និង ធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវាង ៧ ថ្ងៃនោះ ។ លុះដល់ថ្ងៃទី ៨ វេលាព្រឹកព្រហាម ពួកយមបាលក៏ទៅដល់ស្រែកហៅរកអន្នំលោកង្សិន៍ទេវបុត្រឲ្យចេញមក គ្រានោះអន្នំលោកង្សិន៍ទេវបុត្រគេចមុខចេញ ទុកឲ្យនាងសុវណ្ណឱរ៉ៃចេញមកទទួល ។ នាងបដិសេធយមបាល ដោយមិនព្រមបើកយកស្វាមីរបស់នាងទៅឡើយ ។ នាងអះអាងថា៖ ស្វាមីរបស់យើងបានសាងវាលុកចេតិយ និង ធ្វើបុណ្យឆ្លងរួចហើយ ។ បាបកម្មទាំងពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនគាត់ទៅធ្វើទោស ចូររាប់ខ្សាច់ ១ពែងនេះឲ្យអស់ ទើបអាចយកទៅបាន ។ យមបាលតបថា ៖ មិនសល់ក្រអ្វីទេ ការរាប់ខ្សាច់ ១ ពែង ប៉ុណ្ណោះ ។ រួចនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ។ គ្រាប់ខ្សាច់ដែលយកចេញពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែខ្សាច់ក្នុងពែងនៅដដែល គ្មានស្រកស្រុតទៅណាសោះ ។ ពួកយមបាលទាល់ចំណេះនឹងរាប់តទៅទៀត ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។ រីឯអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត ។ គាត់មិនបានទៅសោយទុក្ខក្នុងនរកដូចដែលយមបាលកំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំណាចផល្លានិសង្សដែលបានសាងវាលុកចេតិយ និង ធ្វើបុណ្យឆ្លងដូចពោលហើយ ។

• និទានទី៣ ដំណាលអំពៅចៅកំជិលខ្សាច់ ។ មានក្មេង ១ នាក់ចេះតែទៅភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រលាក់ទៅដោយដីខ្សាច់រាល់ថ្ងៃ ទាល់តែគេហៅថា «ចៅកំជិលខ្សាច់» ។ ថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១ អង្គចុះមកធ្វើជាប្រពន្ធចៅកំជិលខ្សាច់ ។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹមនាងទេពធីតាទេ ។ ទើបព្រះនាងទៅរកម្តាយឪពុកចៅកំជិលខ្សាច់ ដោយបានថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើឲ្យចុះមកធ្វើជាប្រពន្ធចៅកំជិលខ្សាច់ ។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបលួងលោមចៅកំជិលខ្សាច់ទាល់តែព្រមយក ។ ចៅកំជិលខ្សាច់ តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយណាស់ដោយនាងទេពធីតាជួយថែសំអាត ទាំងសមរម្យគ្នានឹងប្រពន្ធនោះណាស់ ។ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់បាននាងទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេដំណាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត គ្មានអ្នកទទួលរាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សមគួរជាព្រះរាជាម្ចាស់ផែនដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី ។ បុស្បុកក៏ទៅត្រូវលើចៅកំជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅឲ្យសោយរាជ្យ ព្រមទាំងនាងទេពធីតា ។ ផលដែលជាទិដ្ឋធម្មវេទនីយដូច្នេះ លោកថាបានដោយហេតុដែលបានពូនភ្នំខ្សាច់នោះ ។ កាលកើតមានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ ដូច្នេះហើយពួកខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និង ជ្រះថ្លា ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណីដរាបមកដល់បច្ចុប្បន្នកាល ។

• បំបួសភ្នំ

លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយឲ្យតំណាងព្រះចូលាមណីចេតិយ រួចយកកំណាត់សប្រវែងប្រមាណមួយម៉ែត្រកន្លះ ទៅពានាពាក់ឆៀងព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងឱកាសនោះដែរ ព្រះសង្ឃសូត្រធម៌ចំរើនព្រះបរិត្ត នៅធម្មសាលាដោយបន្តអំបោះមកដល់ភ្នំទាំងអស់ ។ ភ្នំដែលបានឡើងជាអង្គចេតិយហើយ អ្នកណាមួយទៅជាន់រំលង ឬរំលាយមុនគេផ្សឹក ទុកត្រូវទទួលបាប ។

• កំណត់សម្គាល់៖

តាមការពិនិត្យមើល និង វិភាគនូវកិច្ចខាងសាសនាទាំងអស់ ដែលធ្វើឡើងក្នុងពេលពូនភ្នំខ្សាច់ឬកិច្ចដទៃទៀតខាងសាសនា យើងអាចសន្និដ្ឋានបានថា វាជាកិច្ចខាងសាសនាព្រាហ្មណ៍ ដែលបន្សល់ទុកនៅក្នុងទំនៀមទម្លាប់របស់ខ្មែរ ព្រោះខ្មែរបានទទួលរងឥទ្ធិពលលទ្ធិព្រាហ្មណ៍ជាច្រើនរយឆ្នាំ ។ ដូច្នេះ ទោះបីជាខ្មែរបែរមកកាន់ព្រះពុទ្ធសាសនាក៏ដោយ ក៏ល្បែងរបាំ និង ប្រពៃណីរបស់សាសនាព្រាហ្មណ៍នៅបន្តមានសេសសល់ក្នុងផ្នត់គំនិត និង កិច្ចនានាខាងសាសនាផងដែរ ។ ដោយសារតែប្រជាជនខ្មែរភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា ដើម្បីរក្សាទុកនូវកិច្ចទាំងឡាយខាងសាសនាព្រាហ្មណ៍កុំឲ្យសាបសួន្យ អ្នកនិពន្ធបានប្រឌិតរឿងជាច្រើនដោយភ្ជាប់សាច់រឿងទៅនឹងតួអង្គព្រះពុទ្ធ ឬព្រះពុទ្ធសាសនា ។ នេះគឺជាសិល្បវិធីដូរសម្បកវេចខ្ចប់ទំនិញចាស់ ឬទំនិញលែងមានការពេញនិយមដើម្បីបញ្ឆោតភ្នែកអ្នកទិញ ឲ្យនៅតែបន្តជាវរបស់នោះប្រើទៀត ។ វិធីងាយស្រួលសម្រាប់សម្គាល់រកមើលកិច្ចខាងលទ្ធិព្រាហ្មណ៍ដែលបន្លំខ្លួនចូលក្នុងកិច្ចខាងពុទ្ធសាសនា នោះគឺការរកមើលឲ្យឃើញនូវរាល់អន្តរាគមន៍ពីសំណាក់តួអង្គអាទិទេពណាមួយ នៅក្នុងជីវិតរបស់មនុស្សសាមញ្ញ ឬការរកមើលឲ្យឃើញសាច់រឿងទាំងឡាយណាដែលគេតាក់តែងឡើងឲ្យតួអង្គព្រះពុទ្ធសម្តែងភាពអស្ចារ្យ អាចហោះឡើងស្ថានសួគ៌, ចុះស្ថាននរក ឬអាចដឹងកំណើតរបស់ខ្លួនរាប់ម៉ឺនជាតិ ។

អ្នកកាន់ពុទ្ធសាសនានិកាយថេរវាទបរិសុទ្ធ ឲ្យតម្លៃទៅលើប្រាកដនិយម, លើការពិចារណា និង ពិសោធន៍រកការពិត; ពួកគេបដិសេធចោលរាល់អច្ឆរិយភាព (ភាពអស្ចារ្យ) ដែលគ្មានតថភាព ឬមនុស្សនិយម ។ ព្រះពុទ្ធមិនដែលពោលអួតខ្លួនថាជាអាទិទេព អាចបែរត្រឡប់ក្រោយចុះមកជួយស្រោចស្រង់មនុស្ស ឬ ឲ្យពរមនុស្សម្តងណាសោះ ប៉ុន្តែមនុស្សជំនាន់ក្រោយៗ ចេះតែប្រឌិតរឿងលើកតម្កើងតួអង្គព្រះពុទ្ធ ។ ការធ្វើដូច្នោះគឺជាវិធីអួតយកឈ្នះពួកអ្នកកាន់លទ្ធិព្រាហ្មណ៍ និង អ្នកកាន់សាសនាដទៃទៀត ដែលពូកែអួតសរសើរអាទិទេពរបស់ពួកគេថា ជាអាទិទេពអាចបង្កើត និងរំលាយផែនដីនិងលំហមេឃ រួចបង្កើតវិញតាមអំពើចិត្ត, ឬអួតថាជាព្រះពិត ឬព្រះអង្គសង្គ្រោះ ដែលបានបង្កើតផែនដី និងវត្ថុសព្វយ៉ាងលើផែនដី, ឬថាអាចហោះហើរដើរលើអាកាស, ជ្រែកទឹកជ្រែកដី, ស្លាប់ហើយរស់វិញ, អាចចុះស្ថាននរក ឬឡើងស្ថានសួគ៌តាមចិត្ត, ឬថានឹងត្រឡប់មកវិញឆាប់ៗ ដើម្បីសង្គ្រោះមនុស្សដែលជឿលើព្រះនោះ ។

ព្រះពុទ្ធបានទូន្មានឲ្យសាវ័កព្រះអង្គយកធម៌ ឬ ទ្រឹស្តីរបស់ព្រះអង្គមកពិចារណា បើឃើញថាត្រូវក៏យកទៅអនុវត្តចុះ បើឃើញត្រង់ណាខុស ឬមិនទាន់សម័យនិយម ឬក្បួនវិទ្យាសាស្ត្រ ក៏បោះចោលទៅ ។ ព្រះពុទ្ធបានប្រដៅសាវ័ករបស់ព្រះអង្គ ក៏ដូចជាមនុស្សជំនាន់ក្រោយ ថាកុំឲ្យជឿនរណាម្នាក់ដោយសារតែគេពោលអួតខ្លួនថាជាបណ្ឌិត ឬគ្រូអាចារ្យ ឬសាមណសង្ឃ ។ ព្រះពុទ្ធបានប្រដៅមនុស្សឲ្យប្រើប្រាជ្ញា (បញ្ញា) ដើម្បីយកសម្តីមនុស្សនោះ ឬព័ត៌មាននោះ គម្ពីរនោះ ឬកិច្ចវិធីនោះ មកពិចារណាប្រៀបធៀប និងពិសោធរកការពិតសិន សឹមសម្រេចចិត្តថាគួរជឿ ឬមិនជឿ ។ ព្រះពុទ្ធបានបរិនិព្វាន (សោយទិវង្គត) អស់រយៈកាលជាង ២៥០០ ឆ្នាំហើយ ។ កាលព្រះអង្គត្រាស់ដឹង ព្រះអង្គបានសម្តែងទុកថា តថាគតឈប់វិលចូលក្នុងរង្វង់ (វដ្ត) កើតស្លាប់ៗ (សំសារៈ) ដែលជាអន្ទាក់ដែលពួកមនុស្សកាន់លទ្ធិព្រាហ្មណ៍បានបង្កើតឡើង ដើម្បីបោកប្រាស់ និងគាបសង្កត់ជនសាមញ្ញ ទៀតហើយ (នោះគឺការសម្រេចនិព្វាន) ។ ព្រះអង្គបានហាមមិនឲ្យសាវ័ករបស់ព្រះអង្គសាងរូបសំណាកអ្វីមួយ, ឬយករូបកាយ ឬសំណល់រូបកាយរបស់ព្រះអង្គ ទៅទុកគោរពបូជាដូចពួកអ្នកកាន់លទ្ធិព្រាហ្មណ៍បានធ្វើចំពោះតួអង្គអវតារ នៃអាទិទេពរបស់ពួកគេនោះទេ ព្រោះរូប ឬសំណល់កាយរបស់ព្រះអង្គ គ្មានសេសសល់អ្វីជាខ្លឹមសារសម្រាប់អ្នកគោរពឡើយ ។ ព្រះពុទ្ធបានត្រាស់ដឹងជាព្រះអរហន្តរួចហើយ គឺព្រះអង្គបានជាបុគ្គលដែលលះដាច់ហើយនូវវត្ថុសម្ភារៈសព្វយ៉ាងកើតឡើងឬច្នៃឡើងពីវត្ថុបានពីផែនដីនេះ; ព្រះអង្គលែងជាប់ជំពាក់នឹងសេចក្តីស្អប់, សេចក្តីស្រឡាញ់, ឬពាក្យពោលសរសើរ របស់មនុស្សសាមញ្ញហើយ ។ លើសពីនោះទៀត ព្រះពុទ្ធក៏បានបរិនិព្វានបាត់ទៅហើយដែរ គឺលែងមានឥន្ទ្រីយ៍ទាំង ៦ (ភ្នែក, ត្រចៀក, ច្រមុះ, មាត់, អណ្តាត, កាយ, និង ចិត្ត) ដែលអាចទទួលដឹងរសនៃវត្ថុសព្វយ៉ាង ដូចមនុស្សមានជីវិតរស់នៅឡើយ ។ ចុះហេតុដូចម្តេចបានជាមនុស្សភាគច្រើននៅបន្តច្រៀងសរសើរព្រះអង្គ, នៅតែបូជាព្រះអង្គដោយភ្លើងទៀន និង ផ្សែងធូប, នៅតែដាក់ដង្វាយឬចង្ហាន់ប្រគេនព្រះអង្គ, បន្តសុំខមាទោសចំពោះព្រះអង្គ, នៅតែសន្សំទុក និងបូជាចំពោះឆ្អឹងរបស់ព្រះអង្គដែលអគ្គីបានឆាបឆេះអស់នោះទៀត? កិច្ចទាំងអស់នោះគឺជាសំណល់ នៃកិច្ចខាងសាសនាព្រាហ្មណ៍ ដែលមនុស្សនៅរស់បានទទួលប្រយោជន៍បន្តិចៗម្នាក់ ពីការធ្វើកិច្ចទាំងនោះ ។ កិច្ចទាំងនោះមិនមែនជាកិច្ចធ្វើឡើងសម្រាប់មនុស្សដែលបានស្លាប់ទៅហើយទេ ព្រោះមនុស្សស្លាប់គ្មានសល់ការឈឺចាប់, ការស្រេកឃ្លាន, ការចង់បាន ឬវត្ថុសម្រាប់ទទួលទេ ប្រៀបដូចជាគោងាប់ដែលមិនអាចងើបឡើងឆីចំបើង និងទឹកដែលកសិករដាក់នៅចំពោះមុខវានោះដែរ ។

ផ្សឹកវាលុកចេតិយ

ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែលតែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំឲ្យផ្តាច់កម្ម ផ្តាច់ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នកដែលចែកឋានទៅ មានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំណើរការថ្វាយបង្គំព្រះ សមាទានសីលនៅធម្មសាលា ។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា ។ នៅពេលបញ្ចប់ការរាប់បាត្រ គេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃ ទៅកាន់ភ្នំខ្សាច់ ។ អាចារ្យចាប់ផ្តើមពិធីនៅភ្នំខ្សាច់ ដូចកាលពីល្ងាចម្តងទៀត ។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា ។ អាចារ្យបានបន្តពិធីនៅខាងក្រៅមុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំ វាលុកចេតិយំ បច្ចក្ខាមិ» ប្រែថា៖ «ខ្ញុំផ្សឹកឥលូវនេះនូវវាលុកចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយ អ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្តប្រគេនព្រះសង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នា ដើម្បីនមស្សការថ្វាយបង្គំព្រះ និង អរាធនាព្រះសង្ឃសំដែងធម្មទេសនា។ កម្មវិធីជាបន្ត គេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ) ។ នេះជាពិធីតាមបែបសាសនា ។

ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ

បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានការរៀបចំដូចតទៅ ៖ ពិធីបុណ្យចូលឆ្នាំ ប្រព្រឹត្ដទៅ ៣ ថ្ងៃ គឺនៅថ្ងៃទី ១៣, ១៤, ឬ ១៥ ខែ មេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និង ដំណាំកសិកម្មផ្សេងៗ ។ មុនពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ។ នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូល ឆ្នាំខ្មែរ ដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្រ្កាន្ត (sankranti) ។ នៅពេលនោះប្រជាពលរដ្ឋខ្មែរដែលកាន់ជំនឿតាមព្រះពុទ្ធសាសនា បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មី ដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និង មានតុបតែងលម្អដោយភ្លើងចម្រុះពណ៌តាមផ្ទះរបស់ពួកគេ ។ គ្រឿងរណ្ដាប់ មានដូចជា ៖ ទឹកផ្ដិលអប់ដោយផ្កា, ទៀន ៥, ធូប ៥, ផ្កាភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន ។ល ។ បន្ទាប់មក ពួកគេនឹងធ្វើការសែនព្រេន ដោយមានអុជធូប និង ទៀន តាមគេហដ្ឋានរបស់ខ្លួន ។ នៅពេលដល់កំណត់ថាទេវតាឆ្នាំថ្មី យាងចុះមកប្រសិទ្ធិពរជ័យ សិរីសួស្ដី ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ ។ នៅពេលចូលថ្ងៃទី ២ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថ្ងៃនោះ ថាជា វារៈវ៍នបត ប្រជាជននាំគ្នាទៅវត្ដអារាមដើម្បីយក ចង្ហាន់ នំចំណី ផ្លែឈើ ទៅប្រគេនព្រះសង្ឃ ។ លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និងមានការច្រៀងរាំបទចម្រៀងប្រពៃណី ផងដែរ នៅតាមវត្ដអារាម និង តាមបណ្ដាតំបន់នានានៅក្នុងប្រទេសកម្ពុជា ។ ថ្ងៃទី ៣ ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំ គេហៅថា វារៈឡើងស័ក ឬ ថ្ងៃឆ្លង ។ នៅថ្ងៃនោះ គេតែងប្រារព្ធធ្វើពិធី ស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធ នៅតាមវត្ដអារាម ដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពីធីបុណ្យចូលឆ្នាំខ្មែរដែរ ៕

អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ

តើជនជាតិខ្មែរនិយមចូលឆ្មាំថ្មី នៅថ្ងៃ ខែ ឆ្មំាណា ?

រាល់ឆ្នាំ ជនជាតិខ្មែរនិយមរៀបចំពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី ១៣ ខែមេសា (យូរៗម្ដង ថ្ងៃទី ១៤ ខែ មេសា) ត្រូវនឹងខែ ចេត្រ នៃចន្ទគតិ ។ ដោយសារប្រទេសខ្មែរបានទទួលឥទ្ធិពលសាសនាព្រាហ្មណ៍ (លទ្ធិហ៊ីនឌូ) ទើបជនជាតិខ្មែរនៅតែបន្តប្រើប្រាស់ក្បួនគម្ពីរ សាស្ត្រាបុរាណរបស់លទ្ធិព្រាហ្មណ៍ក្នុងការគិតគូររៀបចំធ្វើកិច្ចនានាខាងសាសនា ។ តាមក្បួនតារាសាស្ត្រ ឬហោរាសាស្ត្របុរាណនៃលទ្ធិព្រាហ្មណ៍ គេយល់ថាផ្ទៃមេឃមានរាងដូចជារង្វង់មូល និង នៅស្ងៀមមួយកន្លែងដូចជាផែនដីដែរ ។ គេយល់ថាព្រះអាទិត្យដើរជុំវិញផែនដីតាមគន្លងគោចរដែលមានរូបសណ្ឋានដូចជារង្វង់ ទើបពួកគេហៅថា រាសីចក្រ ឬ ចក្ររាសី (រង្វង់រាសី) ដែលត្រូវនឹងមួយឆ្នាំ ។ ដោយសារតែពួកគេមើលឃើញនៅលើលំហមេឃមានផ្កាយ (តារា) ជាច្រើននៅក្បែរៗគ្នាហើយមានសណ្ឋានដូចជារូបផ្សេងៗ ដូចជារូបចៀមឬពពែឈ្មោល, គោឈ្មោល, រូបមនុស្សប្រុសស្រីពីរនាក់, ក្តាម, សិង្ហ, ស្រីក្រមុំ, ជញ្ជីង, ខ្ទួយ, ធ្នូ, ត្រីមករ (ត្រីថ្ករ ឬ ត្រីឆ្លាមមករ), ក្អម, និង ត្រី ដូច្នេះហើយទើបពួកគេដាក់ឈ្មោះបណ្តុំផ្កាយ (នក្ខត្តឫក្ស ឬ នក្សត្រ) ទាំងនោះតាមរូបភាពស្រដៀងទាំងនោះ ។ ពួកគេចែកផ្ទៃមេឃជា ១២ ចំណែក ឬ ល្វែង(រាសី) ដោយដាក់ឈ្មោះចំណែកនីមួយៗស្របតាមរូបរាងនៃបណ្តុំផ្កាយ ដូចជា មេសៈ ឬមេសរាសី, ឧសភៈ ឬឧសភរាសី, មិថុនៈ ឬមិថុនរាសី, កក្កដៈ ឬកក្កដរាសី, សីហៈ ឬសីហរាសី, កញ្ញា ឬកញ្ញារាសី, តុលា ឬតុលារាសី, វិច្ឆិកៈ ឬវិច្ឆិករាសី, ធនុ ឬធនុរាសី, មករៈ ឬមកររាសី, កុម្ភៈ ឬកុម្ភរាសី និង មីនៈ ឬមីនរាសី ។ ដោយសារតែពួកគេកំណត់យកមេសរាសី (ខែ មេសា) ជារាសីទីមួយ ទើបជនជាតិខ្មែរចាប់គិតថាខែ ចេត្រ ជាខែទីមួយនៃឆ្នាំថ្មី ហើយក៏ប្រារព្ធធ្វើកិច្ចចូលឆ្នាំថ្មីនៅខែ ចេត្រ តាមលំអានរៀងមក ។ នេះគឺដោយសារខ្មែរប្រើក្បួនគិតថ្ងៃតាមសុរិយគតិ ។ បើតាមក្បួនចន្ទគតិ ខែ មិគសិរ គឺជាខែទីមួយនៃឆ្នាំថ្មី ។ តាមក្បួនសុរិយគតិរបស់លទ្ធិព្រាហ្មណ៍ គេគិតថានៅខែ មេសា ព្រះអាទិត្យចរចេញពីមីនរាសី (Mina Rashi បណ្តុំផ្កាយរាងដូចត្រី) ចូលទៅកាន់ មេសរាសី (Mesa Rashi បណ្តុំផ្កាយរាងដូចចៀមឬពពែឈ្មោល) ។ ការចរចេញរបស់ព្រះអាទិត្យពីរាសីមួយទៅកាន់រាសីមួយហៅថា សង្ក្រាន្ត ឬ សង្ក្រាន្តិ (sankranti) ។ ក្នុងមួយឆ្នាំមាន ១២ សង្ក្រាន្ត ។ ដោយសារតែពួកព្រាហ្មណ៍កំណត់យក មេសរាសី ជារាសីទីមួយ (រាសីតំបូង, រាសីក្បាល, រាសីធំ ឬ មហារាសី)ទើបគេហៅសង្ក្រាន្តនៅខែ មេសា ថា មហាសង្ក្រាន្ត គឺដំណើរឆ្លងកាត់របស់ព្រះអាទិត្យ ពីចក្ររាសីនៃឆ្នាំចាស់ ទៅកាន់ចក្ររាសីនៃឆ្នាំថ្មី ។ សព្វថ្ងៃ ខ្មែរនៅបន្តប្រើប្រាស់ក្បួនគិតថ្ងៃខែតាមវិធីចន្ទគតិ និង សុរិយគតិ សម្រាប់ការរៀបចំកិច្ចខាងសាសនា ប៉ុន្តែសម្រាប់កិច្ចការរាជការ ខ្មែរបែរមកប្រើក្បួនគិតថ្ងៃខែឆ្នាំតាមគ្រិស្តសាសនា ដូចបណ្តាប្រទេសទាំងឡាយនៅលើសាកលលោកដែរ ដែលយើងនាំគ្នាហៅថា ឆ្នាំសាកល ឬ គ្រិស្តសករាជ ។

 

តាមទម្លាប់ ជនជាតិខ្មែរនិយមរៀបចំចូលឆ្នាំចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី ២ ជាថ្ងៃ (វារៈ) វនបត, ថ្ងៃទី ៣ ជាថ្ងៃឡើងស័ក ។ ជនជាតិណាក៏ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះយើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រព្យចង្រៃផ្សេងៗ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រឹត្ដអំពើសៅហ្មង មិនគប្បី ។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យអស់កង្វល់ ហើយឲ្យមានសិរីសួស្ដី មានសិរីសូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មី ។

 

ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួកគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទីឆ្ងាយ ៗ ។ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និងបំបាត់ការនឿយហត់ពីការងារផង ។ រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និង អាយុយឺនយូរ ។ ម្យ៉ាងទៀត ពិធីបុណ្យចូលឆ្នាំថ្មីគឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់រាប់អានគ្នារវាងអ្នកភូមិស្រុកជិតខាងគ្នា ជាកត្ដាបង្កើតសាមគ្គីភាពជាតិ ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះទេ តែគេនាំគ្នាទៅធ្វើបុណ្យនៅវត្ដអារាម ដែលជាមជ្ឈមណ្ឌលអប់រំឲ្យមានការមនុស្សធម៌ និង សាមគ្គីភាព ។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិតាំងពីដើមរហូតមក ៕

Sourced: Ministry of Culture and Fine Arts

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online