Samsung នឹងបំពេញតាមចិត្តអ្នកគាំទ្រ ដែលចង់បានចំណុចមួយខ្លាំងលើ Galaxy S20
ចំណុចដ៏ទាក់ទាញមួយនៃត្រកូល Galaxy S20 ថ្មី គឺអេក្រង់ដែលមាន Refresh Rate 120Hz។ យ៉ាងណាក្ដី អ្នកប្រើប្រាស់នឹងត្រូវជ្រើសរើសរវាងអេក្រង់ 120Hz និងការបង្ហាញកម្រិត QHD ដោយសារ 120Hz គឺអាចដំណើរការបានតែពេលអេក្រង់មានកម្រិតបង្ហាញ FullHD ប៉ុណ្ណោះ។
ប៉ុន្តែបើផ្អែកតាមដំណឹងថ្មី Samsung នឹងនាំយក 120Hz នៅកម្រិត QHD តាមរយៈការអាប់ដេតថ្មីមួយផ្នែក Software។ ទូរសព្ទនឹងអាចធ្វើការផ្លាស់ប្ដូររវាង 60Hz និង 120Hz ដោយស្វ័យប្រវត្តិផ្អែកលើកម្មវិធីដែលដំណើរការ ដើម្បីធ្វើឲ្យថ្មប្រើបានយូរ។

ដំណឹងនេះគឺបានមកពីរូបភាព Screenshot នៃ Galaxy S20 មួយប្រភេទ ដំណើរការដោយ Software ជំនាន់ថ្មី ដែលវាបង្ហាញអំពីជម្រើស “Dynamic” នៃ Refresh Rate របស់អេក្រង់។ ផ្អែកតាមការប៉ាន់ស្មាន Refresh Rate នឹងធ្លាក់មកនៅ 60Hz នៅពេលដែលកម្ដៅថ្មកើនលើសពី ៤២ អង្សាសេ ឬនៅពេលថ្មនៅសល់ត្រឹម ៥%។ បន្ថែមពីនេះទូរសព្ទនឹងបន្ថយ Refresh Rate ពេលស្ថិតនៅក្នុងកម្មវិធីដូចជា Google Maps ឬកម្មវិធីកាមេរ៉ាជាដើម។
គួរបញ្ជាក់ថា គេមិនទាន់ដឹងថាការអាប់ដេតនេះនឹងមកដល់ពេលណានោះទេ៕
ប្រភព៖ GSMarena ប្រែសម្រួល៖ http://news.sabay.com.kh/