Sony ចេញទូរសព្ទតម្លៃធូរដំបូង ដែលប្រើអេក្រង់ OLED
ក្រៅពីប្រកាសចេញ Sony Xperia 1 II ក្រុមហ៊ុន Sony ក៏បានបញ្ចេញ Xperia 10 II ទន្ទឹមជាមួយគ្នាផងដែរ ដែលជាប្រភេទតម្លៃធូរថ្លៃ លំដាប់កណ្ដាល។

Sony Xperia 10 II មានរូបរាងស្រដៀងនឹង Xperia 10 ខ្លាំងមែនទែន។ ប៉ុន្តែមានចំណុចមួយចំនួនខ្លាំងជាងមុនដូចជាសមត្ថភាពធន់នឹងទឹក IP65 និងធន់នឹងធូលីដី IP68, មានកាមេរ៉ាចំនួន ៣ គ្រាប់នៅផ្នែកខាងក្រោយ និងការប្ដូរពីអេក្រង់ LCD មកកាន់ OLED ជាលើកដំបូងសម្រាប់ស្មាតហ្វូនលំដាប់កណ្ដាលរបស់ Sony។
អេក្រង់ OLED ទំហំ ៦ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ ដែលមានមាត្រដ្ឋាន 21:9 ដូចជាស្មាតហ្វូន Sony ដទៃទៀត។ អេក្រង់ 21:9 មានរាងវែងដែលពិបាកកាន់បន្តិច ប៉ុន្តែវានាំមកនូវមុខងារលេចធ្លោមួយចំនួន ដូចជាទ្រាំទ្រការប្រើប្រាស់បែប Multi-Window និងអាចប្ដូររវាងកម្មវិធីមួយទៅកម្មវិធីមួយបានផងដែរ។
បន្ទះឈីបដែលបំពាក់លើ Xperia 10 II គឺជា Snapdragon 665 គួបផ្សំនឹង RAM ទំហំ ៤GB និងអង្គផ្ទុកទំហំ ១២៨ GB។ ទំហំថ្មបានកើនពី ២៧៨០ mAh ឡើងដល់ ៣៦០០ mAh ប៉ុន្តែវាមិនមានសមត្ថភាពសាកថ្មឆាប់ពេញនោះឡើយ។
សម្រាប់កាមេរ៉ាខាងក្រោយវិញ គឺមានប្រភេទ Ultrawide ដែលមានទំហំ ៨MP, មានប្រភេទ Telephoto ទំហំ ៨ MP និងមានកាមេរ៉ាមេទំហំ ១២ MP ដែលទ្រាំទ្រការថតរូបភាព 21:9 និងថតវីដេអូកម្រិត 4K ទៀតផង។
Xperia 10 II នឹងមានជាជម្រើសពណ៌ស និងពណ៌ខ្មៅ ហើយនឹងមានចេញលក់លើទីផ្សារមួយចំនួននៅអំឡុងត្រីមាសទី ២ ដោយមិនបានប្រាប់អំពីតម្លៃនៅឡើយ៕
ប្រភព៖ Androidauthority ប្រែសម្រួល៖ http://news.sabay.com.kh/