U-23 មីយ៉ាន់ម៉ា ដកខ្លួនពីពាន AFF U23 Championship 2022 បន្ទាប់ពីមានកីឡាករមួយចំនួនវិជ្ជមានកូវីដ-១៩
CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា (MFF) បានជូនដំណឹងដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នៅថ្ងៃនេះថា ពួកគេបានដកខ្លួនចេញពីពានរង្វាន់ AFF U23 Championship 2022 ដោយសារផលវិបាកនៃជំងឺកូវីដ-១៩។
ជាផ្នែកមួយនៃវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រកួតដែលកំពុងដំណើរការ U23 មីយ៉ាន់ម៉ា បានឆ្លងកាត់ការធ្វើតេស្តជាប្រចាំមុន និងក្រោយពេលមកដល់កម្ពុជា។ បន្ទាប់ពីការបញ្ជាក់ពីការធ្វើតេស្តវិជ្ជមានក្នុងចំណោមកីឡាករមួយចំនួន ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដោយមីយ៉ាន់ម៉ា ដោយប្រកាសដកក្រុមរបស់ខ្លួនចេញពីការប្រកួត ដើម្បីជួយកាត់បន្ថយហានិភ័យនៃការឆ្លងបន្ថែមទៀត។ កីឡាករ និងបុគ្គលិកដែលត្រូវបានគេកំណត់ថា ជាអ្នកមានទំនាក់ទំនងជិតស្និទ្ធក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកផងដែរ។
ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) មានប្រសាសន៍ថា “ពិតជាការសោកស្តាយយ៉ាងខ្លាំង ដែលក្រុម U23 មីយ៉ាន់ម៉ា ដកខ្លួនចេញពីពានរង្វាន់ AFF U23 Championship។ ទោះជាយ៉ាងណាក៏ដោយ សុខភាព និងសុវត្ថិភាពរបស់អ្នកគ្រប់គ្នាដែលពាក់ព័ន្ធ គឺមានសារសំខាន់បំផុត ហើយយើងយល់ច្បាស់អំពីការសម្រេចចិត្តដែលបានធ្វើឡើង។ យើងសូមជូនពរសមាជិកដែលរងផលប៉ះពាល់ បានជាសះស្បើយពេញលេញ និងឆាប់រហ័ស»។
ដេីមឡេីយមីយ៉ាន់ម៉ា គ្រោងនឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេក្នុងពូល B នៅថ្ងៃទី ១៥ ខែកុម្ភៈ នេះ ទល់នឹងម៉ាឡេស៊ី។ ស្របពេលកាលវិភាគប្រកួត ដែលត្រូវកែសម្រួល នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ aseanfootball