UN ស្នើឲ្យកែទម្រង់ ចំពេលតវ៉ាប្រឆាំងរដ្ឋាភិបាលកាន់តែខ្លាំងនៅអ៊ីរ៉ាក់
ក្រុងបាកដាដ៖ តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោកស្រី ជីនីន ហីននីស-ផ្លាសស្កាអ៊ីត កាលពីថ្ងៃចន្ទ បានស្នើឲ្យអាជ្ញាធរអ៊ីរ៉ាក់ជំរុញឲ្យមានកំណែទម្រង់ថ្មីឡើងវិញ។ លោកស្រីបានសម្ដែងការព្រួយបារម្ភរបស់លោកស្រី អំពីអំពើហិង្សានៅក្នុងការបន្តតវ៉ាប្រឆាំងរដ្ឋាភិបាល ជុំវិញអំពើពុករលួយ ការគ្មានការងារធ្វើ និងសេវាសាធារណៈមិនបានល្អនៅអ៊ីរ៉ាក់។
លោកស្រី ជីនីន ហីននីស-ផ្លាសស្កាអ៊ីត ដែលជាប្រមុខបេសកកម្មជំនួយការអង្គការសហប្រជាជាតិប្រចាំនៅអ៊ីរ៉ាក់ (UNAMI) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រយៈពេល ២ ខែ ក្រោយពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុលម៉ាហ៍ឌី បានប្រកាសលាលែងពីតំណែងរបស់លោក ហើយក្រុមមេដឹកនាំនយោបាយនៅតែមិនអាចឯកភាពគ្នាឲ្យមានការរីកចម្រើន និងទទួលបានជោគជ័យនៅឡើយ។បច្ចុប្បន្នវាដល់ពេលត្រូវពន្យល់ដល់ពួកគេ ដើម្បីបញ្ចៀសមិនឲ្យមានការតវ៉ាទាំងនេះបន្ថែមទៀត តាមរយៈការដោះស្រាយទៅតាមការចង់បានរបស់ពួកគេទាំងនោះ»។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅអ៊ីរ៉ាក់បានស្នើឲ្យអាជ្ញាធរអ៊ីរ៉ាក់ត្រូវធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារការធ្វើបាតុកម្មដោយសន្តិវិធី លោកស្រីបានអំពាវនាវឲ្យក្រុមអ្នកតវ៉ាធ្វើបាតុកម្មដោយសន្តិវិធី ដោយបញ្ចៀសហិង្សា និងការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
សេចក្តីថ្លែងការណ៍នោះបានធ្វើឡើង នៅចំពេលមានភាពតានតឹងនៅក្នុងការធ្វើបាតុកម្មកាន់តែខ្លាំងឡើង ខណៈក្រុមបាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នាតវ៉ាអស់រយៈពេលជាង ៣ ខែ នៅក្នុងទីក្រុងបាកដាដ។

លោកស្រី ជីនីន ហីននីស-ផ្លាសស្កាអុីត ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងណាចាហ្វ។ AFP
មន្ត្រីបានថ្លែងថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានរឹតបន្តឹងសន្តិសុខកាន់តែខ្លាំងឡើង ហើយបានប៉ះទង្គិចជាមួយក្រុមបាតុករនៅក្នុងតំបន់មួយចំនួន នៅក្នុងទីក្រុងបាកដាដ។
នៅក្នុងការតវ៉ាកាន់តែខ្លាំងឡើងចុងក្រោយបំផុត បានចាប់ផ្តើមកាលពីយប់ថ្ងៃអាទិត្យ អស់រយៈពេលជាច្រើនម៉ោងនៅមុនបញ្ចប់ឱសានវាទ ១ សប្តាហ៍ ដែលបានដាក់កំហិតដោយក្រុមបាតុករកាលពីពេលកន្លងទៅ ដើម្បីឲ្យក្រុមអ្នកនយោបាយបង្កើតរដ្ឋាភិបាលថ្មីមួយឡើងវិញ។
កាលពីថ្ងៃទី ១៣ ខែមករា ក្រុមបាតុករនៅក្នុងទីក្រុងណាស្រ៊ីយ៉ាហ៍ និងនៅតាមបណ្តាទីក្រុងអ៊ីរ៉ាក់ផ្សេងទៀតបានប្រកាសដាក់ឱសានវាទរយៈពេល ១ សប្តាហ៍ ដើម្បីឲ្យក្រុមអ្នកនយោបាយបង្កើតរដ្ឋាភិបាលថ្មីមួយ ដើម្បីជំនួសឲ្យរដ្ឋាភិបាលនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី ម៉្យាងវិញទៀត ក្រុមអ្នកតវ៉ាអាចនឹងបិទផ្លូវសំខាន់មួយចំនួនទាំងស្រុងនៅទូទាំងប្រទេស អ៊ីរ៉ាក់ និងបិទស្ថាប័នរដ្ឋាភិបាលខ្លះថែមទៀតផង។
ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ បានបន្តធ្វើឡើងនៅក្នុងទីក្រុងបាកដាដ និងនៅតាមបណ្តាទីក្រុងមួយចំនួនផ្សេងទៀតនៅភូមិភាគកណ្តាល និងនៅភាគខាងត្បូងប្រទេស អ៊ីរ៉ាក់ ចាប់តាំងពីដើមខែតុលា ដោយបានទាមទារឲ្យធ្វើកំណែទម្រង់ឲ្យបានទូលំទូលាយ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ សេវាសាធារណៈបានល្អប្រសើរឡើងវិញ និងបង្កើនឱកាសការងារ៕ Xinhua/SK

ក្រុមអ្នកតវ៉ាអុីរ៉ាក់ និងអ្នកបើកបរម៉ូតូកង់៣ ប្រមូលផ្តុំគ្នា ចំពេលមានការប៉ះទង្គិចគ្នាជាមួយប៉ូលិសបង្ក្រាបកុបកម្ម។ AFP
ប្រភព៖ https://www.postkhmer.com/