update: ដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគា អធិការរង និងបក្ខពួក០6នាក់បាញ់បោះសេរីនៅទីសាធារណ:!

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២​០ មន្រ្តីនគរបាលចំនួន០៧នាក់ ត្រូវបានលោ​កស្រី ទិត ដាលីន ចៅក្រមស៊ើ​បសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺចេញដីកាបង្គាប់ឲ្យឃុំខ្លួនប​ណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ស្ពឺ តាមអំណាចដីកា លេខ៩៦៥, ៩៧០, ៩៦៤, ៩៦៩, ៩៦៧, ៩៦៨ និង ៩៦៦ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ លោក កង ភារី អធិការរងទទួលផែនសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាក GLock ធ្វើសកម្មភាពឈរបាញ់បោះសេរីចំនួន០៣គ្រាប់ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ពីខាងត្បូងចំណុចមាត់ស្រះទឹក។

លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨:៣០នាទី លោក កង ភារី បាននាំកូនចៅផឹកស៊ីស្រវឹង អួតអាង ឌឺដងអាវុធរៀងៗខ្លួន ហើយបានមកឈរបាញ់បោះបន្ថែមទៀត ប៉ុន្តែការបាញ់បោះនោះពុំបណ្តាលឲ្យមានជនណាម្នាក់រងរបួសស្នាមនោះឡើយ។

មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំរោង ០៧នាក់នោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅរសៀលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០។
១. ឈ្មោះ​ កង​ ភារី​ ម្ចាស់កាំភ្លើង
២ .ឈ្មោះ​ កាន់​ សៅលី​ ម្ចាស់​កាំភ្លើង​
៣. ឈ្មោះ​ ដន​ សុខុម​ អ្នកបាញ់​
៤. ឈ្មោះ​ ម៉ាន់​ ប៉ុណ្ណារ៉ា​ អ្នកបាញ់​
៥.ឈ្មោះ​ ម៉ាន់​ ប៊ុនណ្ណារែក​ អ្នកបាញ់​
៦.ឈ្មោះ​ នី​ សុភាក់​ អ្នកបាញ់
៧.ឈ្មោះ​ ព្រីង​ ឡង់ឌី​ អ្នកបាញ់​

ក្រុមមន្ត្រីនគរបាលនេះត្រូវបានសារព័ត៌មាន និងប្រជាពលរដ្ឋ ពិសេសបណ្តាញទំនាក់ទំនងសង្គមធ្វើការរិះគន់ថា អាងខ្លួនជាសមត្ថកិច្ចផឹកស៊ីស្រវឹង បាញ់បោះសេរី បង្កឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាច ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ តាមការបញ្ជាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួន ប្រមូលភស្តុតាង និងកសាងសំណុំរឿងបញ្ជូនមន្ត្រីចំនួន០៧នាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបាញ់បោះនៅទីសាធារណ: ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យវិនិច្ឆ័យតាមនីតិវិធីច្បាប់ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ការប្រព្រឹត្តរបស់មន្ត្រីនគរបាលទាំង០៧នាក់ខាងលើ គឺផ្ទុយពីបទបញ្ជា និងវិន័យរបស់កងកម្លាំងនគរបាលជាតិ ដែលមិនអាចលើកលែងឲ្យបាន។