WHOថា ពិភពលោកស្ថិតក្នុងដំណាក់កាលថ្មីនិងគ្រោះថ្នាក់ពីជំងឺកូវីដ១៩
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រទី១៩ខែមិថុនាថាជំងឺកូវីដ១៩ ឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់ជាថ្មី ដោយករណីឆ្លងជំងឺនេះបានកើនឡើងក្នុងពេលដំណាលគ្នា ស្របពេលដែលមនុស្សធុញទ្រាន់នឹងការបិទប្រទេសដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះ។
លោកតេដ្រូស អាដហាណូម ហ្គេប្រេយេស៊ូស ប្រធានអង្គការសុខភាពពិភពលោកបានជំរុញឱ្យបណ្តាប្រទេសនិងពលរដ្ឋនៅទូទាំងពិភពលោកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយសារចំនួនករណីឆ្លងវីរុសដែលត្រូវបានរាយការណ៍ទៅភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនេះ បានកើនឡើងដល់ចំណុចកំពូលថ្មី។

លោក បាននិយាយនៅអំឡុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញថាជំងឺរាតត្បាតនេះកំពុងកើនឡើង។ ករណីឆ្លងថ្មី
ជាង ១៥០.០០០នាក់ ត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រ ដោយភាគច្រើននៃករណីឆ្លងរហូតមកដល់ពេលនេះកើតឡើងក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។
លោកបាននិយាយថា ស្ទើរតែពាក់កណ្តាលនៃករណីឆ្លងទាំងនោះត្រូវបានរាយការណ៍ពីទ្វីបអាម៉េរិកដោយចំនួនករណីឆ្លងច្រើនត្រូវបានរាយការណ៍មកពីអាស៊ីខាងត្បូងនិងមជ្ឈិមបូព៌ាផងដែរ។
លោកបាននិយាយថា “ពិភពលោកស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់ថ្មី ដោយវីរុសកូវីដ១៩ នៅតែបន្តឆ្លងរាលដាលលឿន”។
ជំងឺនេះបានសម្លាប់មនុស្សយ៉ាងតិចណាស់ចំនួន៤៥៤.០០០ នាក់និងឆ្លងដល់មនុស្សជាង ៨.៥ លាននាក់នៅទូទាំងពិភពលោកចាប់តាំងពីជំងឺនេះបានផ្ទុះឡើងនៅប្រទេសចិនកាលពីចុងឆ្នាំមុន៕
ដោយ : Bonny ប្រភពពត៏មានពី : រស្មីកម្ពុជា